ណុប បាយ៉ារិទ្ធ សម្រេចឃុំខ្លួនក្នុងហាង រង់ចាំលទ្ធផល ក្រោយមានអាការបែបនេះច្រើនថ្ងៃ
កាលពីយប់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញ ក្រោយពីពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង កែវ ចាន់និមល បានរកឃើញឆ្លងកូវីដ-១៩ ហើយនោះ ក៏មានសារសំឡេងរបស់លោកជំទាវ យក់ សម្បត្តិ បានចែកចាយលើប្រព័ន្ធសាររបស់បណ្តាញសង្គមហ្វេសប៊ុក ថាតារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏ត្រូវបានយកសំណាកទៅពិនិត្យទាំងយប់ដូចគ្នាដែរ ក្រោយលោកចេញអាការគួរឱ្យសង្ស័យ ។
យ៉ាងណាមិញ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាសខាងលើនេះ ក៏បានចេញមុខមកបញ្ជាក់ថា លោកពិតជាត្រូវបានក្រសួងសុខាភិបាលបានមកយកសំណាកទៅពិនិត្យមែនកាលពីយប់មិញ ហើយពេលនេះលោកកំពុងតែរង់ចាំលទ្ធផលតេស្ត ។
លោក ណុប បាយ៉ារិទ្ធ ក៏បានបន្ថែមទៀតថា កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ កន្លងមក គឺលោកបានធ្វើការឡាយផ្ទាល់កម្មវិធីមួយអ្នកនាង កែវ ចាន់និមល ដែលគាត់ធ្វើជាពិធីករ ប៉ុន្តែលោកមិនបាននៅជិតពិធីការិនីរូបនោះឡើយ ។ យ៉ាងណាក៏ដោយ ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថា លោកមានអាការផ្តាសាយឈឺកខ្លះ និង ល្ហិតល្ហៃនៅរយៈពេល ២ ទៅ ៣ ថ្ងៃដំបូង តែកំដៅមិនឡើងលើសពី ៣៦ កន្លះទេ សូម្បីពេលនេះម៉ោងនេះ ហើយពេលនេះលោកស្នាក់នៅក្នុងហាងរបស់លោក ដោយមិនចេញទៅណាទាំងអស់រហូតដឹងពីលទ្ធផល ៕