លទ្ធផលមិនទាន់ចេញផង ស្រាប់តែ កែវ សុបញ្ញា ទទួលរងសម្ពាធខ្លាំង ព្រោះរឿងនេះ
មហាជនបានស្គាល់មកហើយថាតារាស្រី កែវ សុបញ្ញា ជាតារាមួយដួងនៅក្នុងរង្វង់គ្រួសារផលិតកម្មរស្មីហង្សមាស ហើយនាងក៏ជាតារាចម្រៀងស្រីរលកក្រោយម្នាក់ដ៏មានប្រជាប្រិយភាពផងដែរ ។
កាលពីពេលថ្មីៗនេះ ក្រោយពីតារាហង្សមាសប៉ុន្មានរូប មានលោក ណុប បាយ៉ារិទ្ធ អ្នកនាង កែវ ចាន់និមល ព្រមទាំងគ្រួសាររបស់នាង បានតេស្តវិជ្ជមានកូវីដ-១៩ ធ្វើឱ្យតារានៅហង្សមាសជាច្រើនទៀតមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយជាមួយគ្នានោះគេក៏ឃើញថាមានសិល្បករ សិល្បការិនី ក្នុងផលិតកម្មរស្មីហង្សមាសជាច្រើនទៀត បានទៅធ្វើតេស្តជាបន្តបន្ទាប់ ក្នុងនោះក៏មាន កញ្ញា កែវ សុបញ្ញា ម្នាក់ដែរ ។
ជាក់ស្តែង កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២១ កញ្ញា កែវ សុបញ្ញា ដែលជាសិល្បការិនីមួយរូបក្នុងដំបូលហង្សមាសនោះ បានចេញមុខបង្ហោះសារទៅលើគណនីផ្ទាល់របស់នាងថា «ខ្ញុំគ្រាន់តែយកសំណាកលទ្ធផលតេស្តមិនទាន់នឹងចេញផង មានអារម្មណ៍ថាខ្លួនឯងមានសម្ពាធម្លេះ ជំងឺរើសអើងគួរឱ្យខ្លាចជាងកូវីដពេលនេះទៀត hmm គ្មានអ្នកណាចង់ឱ្យវាកើតឡើងទេ យល់ទេ យល់ទេ» ។
ក្រោយពីនាងបានបង្ហោះសារដ៏គួរឱ្យអាណិតបែបនេះ គេសង្កេតឃើញមានបងប្អូនអ្នកគាំទ្រជាច្រើនចូលខមមិនលើកទឹកចិត្ត និង ជូនពរនាងឱ្យទទួលបានលទ្ធផលល្អផងដែរ ៕