ធនាគារឯកទេសវីង បង្កើនការការពារជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន ដូច្នេះនៅមិនទាន់ប្រទះឃើញវត្តមានអ្នកជំងឺកូវីដ-១៩
កាលពីពេលថ្មីៗនេះ ធនាគារឯកទេសវីងបានសង្កេតឃើញមានការចែករំលែកនូវតារាងបញ្ជីទីតាំងមួយចំនួនដែលត្រូវបានយល់ច្រឡំថាមានអ្នកជំងឺកូវីដ-១៩ បានទៅកាន់ទីតាំងទាំងនោះ ហើយក្នុងតារាងបញ្ជីទីតាំងនោះក៏មានទីតាំងការិយាល័យកណ្តាលនៃធនាគារឯកទេសវីងក្នុងរាជធានីភ្នំពេញផងដែរ ។ ធនាគារឯកទេសវីង សូមបដិសេដចោលនូវព័ត៌មានខាងលើនេះទាំងស្រុង ។
តាមការជូនដំណឹងពីក្រុមការងារ “Stop Covid” ក៏ដូចជាការសង្កេតតាមដានដោយផ្ទាល់នៅទីតាំងការិយាល័យកណ្តាលនៃធនាគារឯកទេសវីង គឺមានអតិជនម្នាក់បានស្កែន “Stop Covid” QR Code ហើយទទួលបានសញ្ញាពណ៌លឿង ។ អ្នកដែលបានស្កែន “Stop Covid” QR Code ទទួលបានសញ្ញាពណ៌លឿង មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណរបស់ធនាគារនោះឡើយ ។ ដោយអនុវត្តតាម ការណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងសុខាភិបាល ធនាគារឯកទេសវីងអនុញ្ញាតឲ្យតែអ្នកដែលបានស្កែន “Stop Covid” QR Code ហើយទទួលបានសញ្ញាពណ៌បៃតងប៉ុណ្ណោះ ទើបអនុញ្ញាតឲ្យចូលក្នុងបរិវេណធនាគារ ។
ធនាគារឯកទេសវីង បានអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដោយតម្រូវអោយភ្ញៀវគ្រប់រូបដែលមកធ្វើប្រតិបត្តការនៅក្នុងធនាគារ ត្រូវរក្សាគម្លាតសុវត្ថិភាព បាញ់អាល់កុលលាងដៃ វាស់សីតុណ្ហភាព និង ពាក់ម៉ាស់ជាចាំបាច់ ។
ទន្ទឹមនឹងនេះដែរ ធនាគារឯកទេសវីងក៏សូមឲ្យអតិថិជនទាំងអស់ដែលមកធ្វើប្រតិបត្តិការហិរញ្ញវត្ថុមិនថាជានៅការិយាល័យកណ្តាល ឬក៏នៅតាមភ្នាក់ងារវីងនានានៅទូទាំងប្រទេស ចូលរួមសហការ និង អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជារួមគ្នាទប់ស្កាត់ការចម្លងបន្តដល់សហគមន៍យើង ។ ធនាគារឯកទេសវីងតែងតែសហការជាមួយស្ថាប័ណ្ណពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមការពារការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ ៕