ទោះមានគូស្នេហ៍ជាស្រីដូចគ្នា អេននី ហ្សាម ថាឈ្លោះយ៉ាងណាក៏មិនប្រើហិង្សាដាច់ខាត
បើគិតឱ្យដិតដល់ទៅ តារាចម្រៀង អេននី ហ្សាម ទើបតែបើកចំហពីទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ដែលជាស្រីដូចគ្នា នៅដើមឆ្នាំ ២០២១ នេះប៉ុណ្ណោះ ប៉ុន្ដែក្នុងរយៈពេលដ៏ខ្លីនេះ អ្នកទាំងពីរតែងបង្ហាញក្ដីស្នេហ៍យ៉ាងផ្អែមល្ហែម ទម្លាយសកម្មភាពស្វីតៗរ៉ូមែនទិករាប់មិនអស់ ធ្វើឱ្យមហាជនកោតសរសើរចំពោះភាពក្លាហានរបស់នាងមិនស្ទើរនោះទេ ។
ម្យ៉ាងវិញទៀត ទោះជាពេលខ្លះ អេននី ហ្សាម និង គូស្នេហ៍ស្រីធ្លាប់មានការឈ្លោះប្រកែក និង ងក់ងរដាក់គ្នាញឹកញ៉យយ៉ាងណា គេនៅតែឃើញថាគូរបស់អ្នកទាំងពីរ ត្រលប់មកត្រូវរ៉ូវ និង ផ្អែមល្ហែមនឹងគ្នាលើសដើមទៅទៀត ។
ជាក់ស្តែងថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការចាប់អារម្មណ៍នឹងរឿងរ៉ាវនៃការប្រើអំពើហិង្សាក្នុងគ្រួសារ ស្រាប់តែ អេននី ហ្សាម បានបង្ហោះសារមួយឃ្លាប្រាប់ថា នាង និង គូស្នេហ៍ជាស្រីដូចគ្នា ទោះឈ្លោះគ្នាយ៉ាងណាក៏មិនប្រើអំពើហិង្សាដែរ ។
ក្នុងសារនោះ អេននី ហ្សាម បានរៀបរាប់លម្អិតថា «មិនមែនរឿងភាគ តែជារឿងជីវិតគូ មានឈ្លោះមានត្រូវ សម្តីតូចសម្តីធំ Block Unblock សំខាន់មិនប្រើអំពើហិង្សាដាក់គ្នា សែនស្រឡាញ់ណាស់» ។
គួរឲ្យដឹងថា មកដល់ពេលនេះ អេននី ហ្សាម និង គូស្នេហ៍ស្រីរបស់នាង បានទាក់ទងគ្នាមិនទាន់បានដល់កន្លះឆ្នាំផង ប៉ុន្តែអ្នកទាំងពីរគឺពិតជាយល់ចិត្តគ្នាយ៉ាងខ្លាំង ៕