កុំឱ្យស្តាយក្រោយ! ពេលឆ្កែ ឬ ឆ្មាខាំ កុំភ័យស្លន់បាត់ម្ចាស់ការ ត្រូវធ្វើរឿងនេះប្រញាប់ ទើបផុតគ្រោះថ្នាក់
ឆ្កែខាំ និង ឆ្មាខាំ ឬ ខ្វាច សុទ្ធតែមានហានីភ័យនៃជំងឺឆ្កែឆ្កួតបាន ដូច្នេះសូមប្រយ័ត្នឱ្យបានមែនទែន ចៀសវាងកុំឱ្យសត្វទាំងនេះខាំបាន ។ យ៉ាងណាមិញ បើពេលត្រូវសត្វចិញ្ចឹមទាំងនេះខាំ ភ្លាមៗអ្នកមិនត្រូវភ័យញ័រដៃស្លន់ស្លោរហូតបាត់ម្ចាស់ការដែរ ដោយពង្រឹងស្មារតីធ្វើរឿងទាំងនេះភ្លាមៗ ៖
១-ពិនិត្យមុខរបួស និង ស្នាមខាំ
ករណីបើមិនធ្ងន់ធ្ងរទេ គឺគ្រាន់តែខ្វាច ឬ ស្នាមចង្កូមមិនជ្រៅទេ អ្នកអាចព្យាបាលនៅផ្ទះដោយខ្លួនឯងបាន ។ ប្រសិនបើស្នាមចង្កូមជ្រៅ មុខរបួសហែកចេញពីគ្នាក្នុងករណីនេះសូមទៅមន្ទីពេទ្យជាបន្ទាន់ និង ចាក់ថ្នាំការពារភ្លាម ។
២-លាងសម្អាតមុខរបួស
ពេលត្រូវឆ្កែខាំ អ្នកត្រូវលាងសម្អាតមុខរបួសដោយប្រើទឹកស្អាតលាយជាមួយសាប៊ូ ។ ការប្រើទឹកសាប៊ូ អាចសម្លាប់មេរោគនៅព័ទ្ធជុំវិញមុខរបួស ឬ កម្ទេចកម្ទីដែលអាចជាប់នឹងមាត់ឆ្កែ រួចលាងដោយទឹកអាល់កុល ។
៣-ឃាត់ឈាម
បន្ទាប់ពីលាងសម្អាតមុខរបួសរួចហើយ ប្រសិនបើមានឈាមហូរ គួរប្រើកន្សែង ឬ ក្រណាត់ស្អាត ឬ បង់រុំដើម្បីបិទមុខរបួស ប៉ុន្តែប្រសិនបើបិទរយៈពេល ១៥ នាទី ឈាមមិនឈប់ហូរទេសូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ។
៤-លាបថ្នាំ
លាបអង់ទីប៊ីយ៉ូទិក (Neosporin) ឬ ប៊ីកាទីត្រាស៊ីន (Bacitracin) ដើម្បីជួយការពារការឆ្លងមេរោគ និង ការហើម ។
៥-រុំមុខរបួស
ត្រូវរុំឱ្យតឹងដើម្បីការពារការមេរោគពីខាងក្រៅ ប៉ុន្តែវាមិនគួររុំតឹងខ្លាំងពេកទេ ព្រោះវាអាចប៉ះពាល់ដល់ចរន្តឈាម ។ គួរផ្លាស់ប្តូរបង់រុំឱ្យបានញឹកញាប់ ឬ បន្ទាប់ពីងូតទឹករួចគួរលាងសម្អាតមុខរបួសជាថ្មី ទើបប្រសើរ ។
៦-ពិនិត្យប្រវត្តិការចាក់វ៉ាក់សាំងតេតាណូស
ជំងឺតេតាណូសបណ្តាលមកពីមានដី ឬ ធូលីចូលក្នុងមុខរបួស ពេលត្រូវឆ្កែខាំ ក៏អាចប្រឈមមុខនឹងបញ្ហានេះផងដែរ ។ ប្រសិនបើការចាក់ថ្នាំបង្ការតេតាណូសចុងក្រោយរបស់អ្នកលើសពី ៥ ឆ្នាំ គួរទៅចាក់វាម្តងទៀត ។
៧-ពិនិត្យរបួសជានិច្ច
ប្រសិនបើអ្នកគិតថាមុខរបួសឆ្លងមេរោគ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ។ សញ្ញាដែលបង្ហាញថាមុខរបួសឆ្លងមេរោគអាចសង្កេតតាមវិធីនេះ៖
• មានគ្រុនក្តៅ
• ឈឺមុខរបួសជាងមុន
• មានខ្ទុះចេញពីមុខរបួស
• ហើម ក្រហម ឬ មានអារម្មណ៍ថាក្តៅនៅលើមុខរបួស
៨-ពិនិត្យមើលថាឆ្កែដែលខាំ យើងបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួតឬទេ
អ្នកអាចឆ្លងជំងឺឆ្កែឆ្កួតបាន ទោះបីជាវាខាំមិនខ្លាំងក៏ដោយ ប្រសិនជាដឹងថាឆ្កែបានចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតរួចហើយ វាមិនគួរឱ្យព្រួយបារម្ភទេ ប៉ុន្តែប្រសិនជាអ្នកមិនដឹងច្បាស់គួរតែទៅជួបគ្រូពេទ្យភ្លាមៗ កុំទុកយូរអី ។
យ៉ាងណា ការរៀបរាប់ខាងលើទាំងប៉ុន្មានគ្រាន់ជាចំណេះដឹងបឋមប៉ុណ្ណោះ ប៉ុន្តែដើម្បីឱ្យទុកចិត្តថាអ្នកដែលត្រូវឆ្កែខាំ ឬ ឆ្មខាំ ខ្វាច នឹងមិនមានបញ្ហាទៅថ្ងៃក្រោយនោះ សូមប្រញាប់ទៅរកគ្រូពេទ្យដើម្បីពិគ្រោះ និង ចាក់ថ្នាំបង្ការភ្លាមៗ ទើបជាការប្រសើរ ដោយមិនចាំដេកភ័យថាមានបញ្ហាសុខភាពនៅពេលក្រោយ ៕