ព្យាបាលជាង ១០ ថ្ងៃ លោក ខួច អ្នកជិតស្និទ្ធនឹង ណុប បាយ៉ារិទ្ធ បានជាសះស្បើយពីកូវីដ-១៩ ហើយ
ពេលនេះដែរ លោក ខួច ដែលត្រូវបានគេស្គាល់ថាជាអ្នកជិតដិតជាមួយតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ហើយដែលបានឆ្លងវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ០៩ កន្លងទៅនោះបានចេញមុខ ប្រកាសថា ពេលនេះបានជាសះស្បើយហើយ ។
ក្រោយពីសម្រាកព្យាបាលប្រមាណជាង ១០ មកនេះ កាលពីថ្ងៃទី ២១ ម្សិលមិញនេះ លោក ខួច បានបញ្ជាក់ច្បាស់ៗនៅក្នុងឡាយវីដេអូថា លោកដែលជាប្អូនរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ តែមិនបានបញ្ជាក់ថាជាប្អូនបង្កើតឬបែបណានោះ បានជាសះស្បើយហើយ ។
ជាមួយនឹងការជាសះស្បើយរបស់លោក ខួច ក៏ទទួលបានការសាទរពីសំណាក់មិត្តភក្តិនៅក្នុងសិល្បៈជាច្រើនផងដែរ ។ ក្នុងនោះលោកក៏បានអះអាងថា ទោះបីជាសះស្បើយពីជំងឺកូវីដ-១៩ តែពេលនេះត្រូវបន្តទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ១៤ ថ្ងៃជាបន្តទៀត ។
គួរឱ្យដឹងដែរថា រហូតមកដល់ថ្ងៃទី ២២ នេះគេសង្កេតឃើញថា ក្រុមគ្រួសារអ្នកសិល្បៈពីរនាក់ហើយដែលបានជាសះស្បើយ គឺកូនស្រីរបស់ កែវ ចាន់និមល និង លោក ខួច ផ្ទាល់តែម្តង ៕