ក្រោយជាពីកូវីដ លោក ខួច ទម្លាយពីអតីតកាលខ្លួនជាបេក្ខជន Freshie Boy ហើយបានប្រកាសក្តែងៗបែបនេះ
ក្រោយពីជាសះស្បើយពីជំងឺកូវីដ-១៩ ពេលនេះអតីត Freshie Boy សេង រ៉ាក់ដា ដែលត្រូវគេស្គាល់ថាឈ្មោះថា ខួច នោះ បានប្រកាសវិលចូលសិល្បៈវិញ ក្រោយពីអតីតប្រុសស្អាតរូបនេះ បានចាកចេញពីអាជីពនេះអស់ប្រមាណជា ១០ ឆ្នាំមកហើយ ។ ជាមួយនឹងការលើកឡើងរបស់ សេង រ៉ាក់ដា ក៏ទទួលបានការគាំទ្រ និង ចាប់អារម្មណ៍ពីសំណាក់មហាជនមួយចំនួនផងដែរ ។
ទោះជាបានជាពីជំងឺកូវីដ-១៩ ក៏ពិតមែន តែលោក សេង រ៉ាក់ដា នៅបន្តធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែងដើម្បីឱ្យបានប្រាកដនឹងជាក់លាក់ចំពោះលទ្ធផលផងដែរ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះលោកបានបង្ហោះសារដោយភ្ជាប់ជាមួយរូបភាពអតីតកាលជំនាន់ប្រឡង Freshie Boy ឆ្នាំ ២០០៩ ថា «ជម្រាបសួរពុកម៉ែបងប្អូន ខ្ញុំបាទឈ្មោះ សេង រ៉ាក់ដា អតីត បេក្ខភាព Freshie Boy ឆ្នាំ ២០០៩ មួយរូប ក្រៅពីនោះខ្ញុំក៏ធ្លាប់ច្រៀងតាមស្ថានីយទូរទស្សន៍មួយចំនួន អង្គការ ភោជនីយដ្ឋាន និង សម្តែង MV តែមួយរយៈក្រោយៗដោយសារមមាញឹកក្នុងការងារ និង មុខរបរធ្វើឱ្យខ្ញុំបាទ បានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈពេលធំ ។ ដូច្នេះក្រោយបញ្ហាកូវីដ-១៩ ស្ងប់ស្ងាត់ ខ្ញុំបាទនឹងវិលចូលបម្រើវិស័យសិល្បៈវិញ ហើយរីករាយនឹងធ្វើការងារសិល្បៈណាដែលខ្ញុំគិតថាអាចធ្វើបាននឹងស័ក្តិសមជាមួយសមត្ថភាពរបស់ខ្លួនឯង រួមជាមួយនឹងមុខរបរផ្ទាល់ខ្លួនរបស់ខ្ញុំ ។ សូមអរគុណ»។
ក្នុងនោះក៏មានមហាជនខ្លះលាន់មាត់ថាស្ទើរចំណាំមិនបាន ព្រោះពេលនេះលោក សេង រ៉ាក់ដា មានមុខមាត់ប្រែប្រួលប្លែកច្រើនខុសពីមុនជាខ្លាំង ។ កន្លងមកអតីត Freshie Boy រូបនេះក៏ធ្លាប់អះអាងពីការកែសម្ផស្សខុសទម្រាំបានដូចសព្វថ្ងៃគឺលោកចាយប្រាក់មិនតិចម៉ឺនដុល្លារនោះឡើយ ។ លោក សេង រ៉ាក់ដា ត្រូវបានគេដឹងថាជាអ្នកជិតស្និទ្ធជាមួយតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលកន្លងមកលោកធ្លាប់អះអាងប្រាប់អ្នកគាំទ្រថាជាប្អូនប្រុសរបស់លោក ណុប បាយ៉ារិទ្ធ ផងដែរ ៕