ជួបវិបត្តិកូវីដ-១៩ ចាប់របរចិញ្ចឹមក្រួច ងាយហើយចំណាយពេលខ្លី ឆាប់បានលក់ជួយសេដ្ឋកិច្ចគ្រួសារ
ពេលដែលជួបវិបត្តិកូវីដ-១៩ មិនដឹងថាធ្វើអ្វីគួរតែចាប់របរចិញ្ចឹមក្រួចលក់ដើម្បីដោះស្រាយជីវភាពក្រុមគ្រួសារ ព្រោះងាយចិញ្ចឹមមានរយៈពេលខ្លីត្រឹមតែជាងមួយខែអាចចាប់លក់បានហើយ ពេលនេះសត្វក្រួចនៅតែមានតម្រូវការនៅលើទីផ្សារខ្ពស់ដោយសារតែម៉ូយទិញយកទៅអាំង ឬ ធ្វើម្ហូបលក់ ។
បើទោះជាមានវិបត្តិជំងឺកូវីដ-១៩ស្រ្តីម្នាក់ឈ្មោះ អានី អាយុជាង ២០ ឆ្នាំ ដែលមានកសិដ្ឋានចិញ្ចឹមក្រួចមួយកន្លែងនៅស្រុកកោះធំ ខេត្តកណ្តាល បានបង្ហើបឱ្យដឹងថា ការចិញ្ចឹមក្រួចនេះ មានរយៈពេលខ្លីជាងសត្វមាន់ និង ទា ព្រោះការចិញ្ចឹមមាន់ និង ទាមានរយៈពេលយូរខែ ហើយសម្រាប់ការចិញ្ចឹមក្រួចមានរយៈពេលខ្លី ត្រឹមតែមួយខែជាងអាចចាប់លក់បានហើយតម្លៃចាប់ពី ៣,០០០ រៀលឡើងទៅ និង មានម៉ូយទាក់ទងទិញស្ទើរតែរកក្រួចលក់ឱ្យមិនទាន់ផង ។
ក្រួចដែលចិញ្ចឹមបានគេអាចលក់សាច់ លក់ពង លក់កូន… ដោយក្នុងនោះក្រោយចិញ្ចឹមបានជាង ១ ខែ គេលក់ជាសាច់ក្នុង ១ ក្បាលពី ៣៥០០ រៀលទៅ ៧០០០ រៀល តាមប្រភេទក្រួចតូច ឬ ធំ ។ចិញ្ចឹមបាន ២ ខែក្រួចចាប់ផ្តើមពងដែលពងក្រួច ១ កេសមាន ៥០០ ពងថ្លៃ ៧០០០០ រៀល និង ពងមានកូនសម្រាប់ស្ងោរលក់ ១ កេសមាន ៥០០ ពងថ្លៃ ៩០០០០ រៀល ព្រមទាំងពងសម្រាប់ភ្ញាស់ ១ គ្រាប់ ២៥០ រៀល ។
ដោយឡែកចំពោះកូនក្រួចដែលមានអាយុ៣ថ្ងៃថ្លៃ ៨០០ រៀលក្នុង ១ ក្បាលអាយុ ១៥ ថ្ងៃថ្លៃ ១៥០០ ទៅ ២០០០ រៀលក្នុង ១ ក្បាលសម្រាប់គេទិញយកទៅចិញ្ចឹម ។ ក្រួចគេចិញ្ចឹមក្នុងទ្រុងដែលអាចធ្វើបានច្រើនជាន់ទៅតាមលទ្ធភាពនិងធនធានរបស់អ្នកចិញ្ចឹម ។
ចំពោះអ្នកមានដើមទុនច្រើនគេ អាចចិញ្ចឹមទ្រង់ទ្រាយធំ ហើយក៏អាចរកប្រាក់ចំណូលបានច្រើនដែរ ជាពិសេសពេលមានវិបត្តិកូវីដ-១៩ នេះការចិញ្ចឹមសត្វក្រួចអាចទទួលបានចំណូលឆាប់ក្នុងពេលមានវិបត្តិកូវីដ-១៩ កំពុងឆ្លងរាលដាល ៕