បុត្រីទី ៤ កបិលមហាព្រហ្ម នឹងយាងមកថែរក្សាជម្ពូទ្វីបនៅថ្ងៃខាងមុខនេះ ទ្រង់សោយសប្បិ (ទឹកដោះ) ជាអាហារ
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ នឹងឈានចូលមកដល់ នៅថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា គ្រិស្តសករាជ ២០២១ វេលាម៉ោង ០៤ និង ០០ នាទីទៀបភ្លឺ ។
ទេវធីតា ដែលនឹងយាងមកគ្រប់គ្រង ជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម ព្រះនាង មណ្ឌាទេវី ក្នុងកិរិយា គង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់លើខ្នងគទ្រភៈ (សត្វលា) ជាពាហនៈយាន ។ ទ្រង់អម្ពរពស្ត្រា ពណ៌អន លម្អព្រះកាណ៌ដោយ ផ្កាចម្ប៉ា អាភរណៈទ្រង់ពាក់ កែវពិទូរ្យ ភក្សាហារទ្រង់សោយ សប្បិ (ទឹកដោះថ្លា) ទ្រង់អាវុធ ព្រះហស្តស្ដាំទ្រង់ម្ជុល ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ។
ជាការពិតណាស់ ទេពធីតាសង្ក្រាន្តប្រចាំថ្ងៃពុធ ដែលនឹងយាងចុះមក ក្នុងឆ្នាំនេះ គឺទ្រង់សោយទឹកដោះថ្លា (សប្បិ) ជាភក្សាហារ ។ ក្នុងនោះផងដែរ នៅក្នុងសម័យពុទ្ធកាល ទឹកដោះ ត្រូវបានបែងចែក ជា ៥ ប្រភេទ ហៅថាបញ្ចគោរស ដែលមានដូចជា ៖
១. ទឹកដោះស្រស់
២. ទឹកដោះថ្លា
៣. ទឹកដោះខាប់
៤. ទឹកដោះជូរ
៥. ទឹកដោះជូរឡើងពពុះ ៕