មិនទាន់វិលស្រុកវិញ ឡាយ លក្ខិណា បានត្រឹមសន្យាធ្វើរឿងមួយឱកាសចូលឆ្នាំខ្មែរនេះ
រយៈពេល ៣ ឆ្នាំមកហើយដែលតារាម្រៀង និង សម្តែង ឡាយ លក្ខិណា បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទសកាណាដា ។ ទោះរយៈពេលកាន់តែយូរទៅយ៉ាងណាក្តី តែតារាចម្រៀងរូបនេះហាក់មិនទាន់មានដំរួយណាមួយក្នុងការវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញនោះទេ ។ បើតាមការឲ្យដឹងជារឿយៗនៅលើបណ្តាញសង្គមរបស់ តារាចម្រៀង និង តារាសម្តែងរូបនេះ ហាក់ស្រពិចស្រពិលនូវការវិលត្រលប់មកកាន់ស្រុកកំណើតនៅឡើយ ។
យ៉ាងណាក៏ដោយ ទោះជាតារាស្រីរៀមច្បងខាងលើនេះបានចាកឆ្ងាយពីស្រុកកំណើតក៏ពិតមែន ប៉ុន្តែ ឡាយ លក្ខិណា ក៏តែងតែបង្ហោះការព្រួយបារម្ភផ្តាំផ្ញើដល់អ្នកគាំទ្រនៅប្រទេសកម្ពុជាថែមទៀតផង ដោយកន្លងមកនាងធ្លាប់បានបរិច្ចាគថវិកាជួយដល់ប្រជាជនកម្ពុជា ដែលបានរងទុក្ខពីទឹកជំនន់កាលពីចុងឆ្នាំ ២០២០ ផងដែរ ។
ដោយឡែក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណី ឆ្នាំឆ្លូវ ក្នុងឆ្នាំ ២០២១ នេះ បើការឲ្យដឹងពីអ្នកគ្រប់គ្រងរបស់តារាចម្រៀង ឡាយ លក្ខិណា ជាម្ចាស់ផលិតកម្ម Sandap Production បានប្រាប់មកកាន់ទស្សនាវដ្តី «ប្រជាប្រិយ» ថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចូលឆ្នាំខ្មែរនេះ ឡាយ លក្ខិណា នឹងត្រៀមអ្វីពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ប៉ុន្តែកញ្ញាសុំលាក់ទុកសិន» ។
គួររំឭកថា មុនពេលចាកចេញទៅកាន់ប្រទេសកាណាដា កាលពីចុងឆ្នាំ ២០១៨ កន្លងមកនោះ តារាចម្រៀង និង សម្តែង ឡាយ លក្ខិណា ក៏ធ្លាប់បានមុខពីវិថីសិល្បអស់រយៈពេលជាង ១០ ឆ្នាំ ហើយបានចាប់ផ្តើមវិញនៅក្នុងកំឡុងឆ្នាំ ២០១៧ វិញ ដោយបានចេញបទចម្រៀងផ្ទាល់ខ្លួន និង សម្តែងក្នុងរឿងភាគមួយចំនួនផងដែរ ។ ក្រោយត្រលប់មកសាងកេរ្តិ៍ឈ្មោះល្បីល្បាញឡើងវិញមិនបានប៉ុន្មាន ឡាយ លក្ខិណា ក៏បានចាកចេញពីស្រុកកំណើតទៅសម្តែងនៅប្រទេសកាណដា និង មិនទាន់បានវិលត្រលប់មកវិញនោះឡើយ ៕