វីង ត្រូវបានផ្តល់អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ
វីងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល យ៉ាងទូលំទូលាយរបស់ខ្លួន
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរសព្ទចល័តឈានមុខគេនៅកម្ពុជា ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ។ អាជ្ញាប័ណ្ណនេះអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ «ធនាគារ វីង (ខេមបូឌា) ម.ក» ។
អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារវីងបានមានប្រសាសន៍ថា៖ «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតដើម្បីឆ្ពោះទៅរកចក្ខុវិស័យរបស់យើង ក្នុងការផ្តល់លទ្ធភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាគ្រប់រូប និង ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច ។ ជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និង ចំណេះដឹងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារវីង ភ្នាក់ងារវីង និង ដៃគូរបស់យើងទាំងអស់ ប្រឹងប្រែងរួមគ្នាដើម្បីផ្សារភ្ជាប់គម្លាត តាមរយៈការផ្តល់ឧបករណ៍ហិរញ្ញវត្ថុដល់ប្រជាជនមិនស្ថិតក្នុងបណ្តាញធនាគារ» ។
ជាមួយនឹងការផ្តល់អាជ្ញាប័ណ្ណនេះ ធនាគារវីងអាចផ្តល់ជូននូវផលិតផល និង សេវាកម្មធនាគារជាច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាការផ្តល់ប្រាក់កម្ចី និង ការទទួលបា្រក់បញ្ញើពីសាធារណៈជនជាដើម ។ សេវាកម្មទាំងនេះនឹងបំពេញបន្ថែមលើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ ហើយត្រូវបានផ្តល់ជូនតាមរយៈបណ្តាញយ៉ាងទូលំទូលាយ គឺភ្នាក់ងារវីងដែលមានជាង ៩.៣០០ កន្លែង និង កម្មវិធីស្មាតហ្វូនវីង ។ វីងនឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួនដូចធម្មតា ដោយគ្មានការប៉ះពាល់ដល់សេវាកម្មដែលមានស្រាប់ ដែលត្រូវបានផ្តល់ជូនតាមរយៈភ្នាក់ងារវីង និង កម្មវិធីស្មាតហ្វូនវីងឡើយ ។
លោក Manu Rajan អគ្គនាយកនៃធនាគារវីងបានមានប្រសាសន៍ថា៖ «យើងប្តេជ្ញាធានាឲ្យបានថា ការវិវត្តខ្លួនក្លាយជាធនាគារពាណិជ្ជរបស់យើង មានឥទ្ធិពលជាវិជ្ជមានទៅលើសហគមន៍ ដៃគូអាជីវកម្ម និង អ្នកចូលរួមក្នុងទីផ្សារផ្សេងៗទៀតរបស់យើង ។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ និង សាធារណៈជន ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា» ។
អាជ្ញាប័ណ្ណដែលទទួលបានពីធនាគារជាតិនៃកម្ពុជានេះនឹងពង្រឹងចក្ខុវិស័យរបស់វីង ក្នុងការធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលមិនស្ថិតក្នុងបណ្តាញធនាគារ។ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ វីងបានខិតខំផ្តល់អំណាចដល់ប្រជាជនកម្ពុជា តាមរយៈការផ្តល់លទ្ធភាពក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលអាចទុកចិត្តបាន ងាយស្រួល និង មានសុវត្ថិភាព ៕