តំបន់លម្ហែកាយស្កាយលែនកន្លែងទេសចរណ៍ដ៏ពេញនិយម នៅក្បែរក្រុងភ្នំពេញ (មានវីដេអូ)
នៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ពោលគឺមានចម្ងាយប្រមាណជាង ១០ គីឡូម៉ែត្រ នាទិសខាងកើតនោះគឺមានតំបន់ ទេសចរណ៍មួយកន្លែង ដែលកំពុងទទួលបានការចាប់អារម្មណ៍ និង ទាក់ទាញភ្ញៀវទេសចរជាបន្តបន្ទាប់ឱ្យទៅកម្សាន្តនៅទៅនោះ ។
តំបន់លម្ហែកាយនោះមានឈ្មោះ ស្កាយលែន ដែលជាកន្លែងទើបមានការរៀបចំថ្មី និង នៅជិតទីក្រុងផង មិនលំបាកក្នុងការធ្វើ ដំណើរទៅលេងទើបមានភ្ញៀវចេះតែនាំគ្នាទៅលេងកម្សាន្តនៅទីនោះជាហូរហែ ។
បើលោក អ្នក ចង់ទៅកម្សាន្តនៅទីនោះ លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ទៅដល់ស្ពានព្រែកតាមាក់ ឆ្លងស្ពានទៅកាន់វិហារសួគ៌ក៏បាន ឬ អាចឆ្លងសាឡាងអារិយក្សត្រ ឬ ក៏ឆ្លងសាឡាងស្វាយជ្រុំទៅក៏បាន ហើយក៏វាជិតផងដែរ ។
តាមផ្លូវទៅរមណីយដ្ឋាន 7NG ភ្ញៀវទេសចរទាំងឡាយប្រាកដជាបានឃើញទេសភាពដ៏ស្រស់ស្អាតនៅតាមផ្លូវ ជាពិសេសគឺ ចំការឈូកក្នុងបឹងដ៏ធំល្វឹងល្វើយមានផ្កាល្អស្រស់ និង ពេលទៅដល់ឃើញមានការរៀបចំជាសួនដ៏ល្អស្អាតធ្វើឱ្យភ្ញៀវដែលបានទៅលេងកម្សាន្តតែងតែនាំគ្នាថតផ្តិតយករូបភាពនៅទីនោះ មិនដែលខានឡើយ ។
មានភ្ញៀវខ្លះទៅលេងជាគូសង្សារ,ជាក្រុមគ្រួសារ,ជាមិត្តភក្តិ បាននាំគ្នាទៅលម្ហែអារម្មណ៍ ហើយនាំគ្នាស្រស់ស្រូបអាហារ ដែលមានលក់នៅទីនោះស្រាប់ក្នុងតម្លៃសមរម្យ និង រសជាតិឆ្ងាញ់ពិសារទៀតផង ។
បើតាមម្ចាស់ហាងលក់អាហារយីហោ«ជេតស៍រីលែក»បានបង្ហើបឱ្យដឹងថា៖ ម្ហូបមានច្រើនមុខ តែតាមការសង្កេតគឺភ្ញៀវដែលមកកម្សាន្តនៅទីនេះភាគច្រើនគេនិយមចូលចិត្តពិសារសម្លម្ជូរពងត្រី ឬ សម្លម្ជូរព្រៃ ព្រោះតែនៅទីក្រុង ថ្ងៃណាក៏ហូបសាច់ដែរ ដូច្នេះទើបគេចង់ប្តូររសជាតិមកហូបសាច់ត្រីវិញម្តង ហើយក៏តែងតែពោលសរសើរថា សម្លម្ជូរពងត្រីមានរសជាតិឆ្ងាញ់ប្លែកមាត់ព្រមទាំង តម្លៃក៏ធូរត្រឹមតែ ២០.០០០ រៀលប៉ុណ្ណោះក្នុងមួយឆ្នាំង ។
សូមទស្សនាកម្សាន្តជាមួយវីដេអូខាងក្រោម នេះ៖
ដោយ៖ ដេវីត