មិនខ្វល់ជាតារាចម្រៀងល្បី សុន ស្រីពេជ្រ រកប្រាក់ចំណូលជាមួយរបរមួយនេះនៅខេត្តកំណើត
ដោយសារតែជំងឺកូវីដ-១៩ រីករាលដាល តារាចម្រៀង សុន ស្រីពេជ្រ ក៏បានចាកចេញទៅរស់នៅខេត្តមួយរយៈជាមួយកូនទាំងពីររបស់នាង ។ អ្វីដែលចាប់អារម្មណ៍បើទោះមិនអាចរកប្រាក់ចំណូលតាមរយៈការច្រៀងក៏ពិតមែន ប៉ុន្តែ សុន ស្រីពេជ្រ បានឆ្លៀតរកប្រាក់តាមរយៈរបរសាមញ្ញមួយនេះធ្វើព្រងើយ ។
ពេលនេះដែរតារាចម្រៀងពហុជំនាញ សុន ស្រីពេជ្រ កំពុងតែរស់នៅខេត្តបាត់ដំបងជាមួយក្រុមគ្រួសារ និង កូនៗដែលមើលទៅពិតជារីករាយតែម្តង ។ ដោយសារតែមិនអាចចេញច្រៀងបានដូចមុន សុន ស្រីពេជ្រ បានងាកមករកប្រាក់ចំណូលបណ្តោះអាសន្នតាមរយៈការលក់បុកល្ហុង ឃើញថាមានការគាំទ្រពីអតិថិជនគួរសម ។ ក្នុងនោះក៏មានការសរសើរពីភាពរឹងមាំរបស់តារាចម្រៀង សុន ស្រីពេជ្រ ដែលប្រឹងប្រែងរកប្រាក់ដើម្បីចិញ្ចឹមកូនៗទាំងពីររបស់ខ្លួន ក្រោយពីបានចែកផ្លូវជាមួយស្វាមី ។
សុន ស្រីពេជ្រ មិនទាន់អះអាងថា ពេលណានាងនឹងត្រឡប់មកភ្នំពេញនោះទេ ។ មានការលើកឡើងពីសំណាក់អ្នកគាំទ្រថា ទោះស្ពាយងារជាមេម៉ាយកូនពីរតែមើលទៅ សុន ស្រីពេជ្រ ហាក់រឹងប៉ឹងខ្លាំង ។ សូម្បីតែកូនស្រីប្រុសទាំងពីររបស់នាងក៏យកត្រកូលរបស់នាងដែរ ។ សុន ស្រីពេជ្រ ធ្លាប់លើកឡើងថា នាងជាមនុស្សរឹងមាំមិនរស់ពឹងប្តីនោះទេ ជាពិសេសអ្វីដែលធ្វើឱ្យនាងស្ងប់ចិត្តនោះកំពុងរស់នៅជាមួយកូនៗជាទីស្រឡាញ់ ៕