បើមិនចង់មានបញ្ហា អ្នកហាត់ប្រាណ គួរជៀសវាងញ៉ាំអាហារទាំងអស់នេះ មុនពេលហាត់
ច្បាស់ណាស់ថាការបន្ថែមថាមពលមុនពេលហាត់ប្រាណ ជួយឱ្យមានកម្លាំងក្នុងការហាត់ប្រាណមែន ប៉ុន្តែក៏ត្រូវតែជ្រើសរើសផងដែរ មិនមែនចេះតែញ៉ាំនោះទេ ពីព្រោះអាហារមួយចំនួនជះឥទ្ធិពលដល់ការហាត់ប្រាណ ទើបគួរតែជៀសវាងវាមុនការហាត់ប្រាណប្រមាណ ១-២ ម៉ោង អាហារទាំងនោះមាន ៖
១. ផលិតផលពីទឹកដោះគោ និង យ៉ាអួ ៖ បណ្ដាលឱ្យមានបញ្ហាលើការរំលាយអាហារ ហើយមានអារម្មណ៍ថាឆ្អល់ ប្រសិនជាអ្នកដែលមានប្រតិកម្មជាមួយទឹកដោះគោកាន់តែធ្ងន់ថែមទៀត ។
២. ស្ករ ឬ អាហារដែលផ្អែមខ្លាំង ៖ ធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ បណ្ដាលឱ្យវិលមុខ និង ធ្វើឱ្យអស់កម្លាំង ។
៣. សណ្ដែកផ្សេងៗ ៖ ធ្វើឱ្យកើតមានឧស្ម័នក្នុងក្រពះ និង និង ហើមពោះ បើជាការល្អគួរតែចៀសវាងការញ៉ាំប្រមាណ ៦ ម៉ោងមុនពេលហាត់ប្រាណ ។
៤. ភេសជ្ជៈដែលមានជាតិឧស្ម័ន (ហ្គាស) ៖ បង្កឱ្យមានឧស្ម័ននៅក្នុងក្រពះ និង ហើមពោះផងដែរ ម៉្យាងទៀតមានមានផ្ទុកបរិមាណជាតិស្ករច្រើន ។
៥. អាហារដែលហឹរ ៖ ក្រៅពីត្រូវប្រើពេលយូរក្នុងការរំលាយហើយ វាថែមទាំងបង្កឱ្យចុកពោះ ឆ្អល់ពោះផងដែរ គួរតែតមអាហារហឹរប្រមាណ ១២ ម៉ោងមុនពេលហាត់ប្រាណ ។
៦. ភេសជ្ជៈមានជាតិអាល់កុល (គ្រឿសស្រវឹង) ៖ បណ្តាលឱ្យរាងកាយបាត់បង់ ឬ ខ្វះជាតិទឹក ហើយក៏ធ្វើអោយអ្នកមានអារម្មណ៍ធុញទ្រាន់ផងដែរ ដូច្នេះគួរតែត្រូវបានតមយ៉ាងតិច ១ ថ្ងៃមុនពេលហាត់ប្រាណ ។
៧. អាហារចៀន និង អាហារមានខ្លាញ់ច្រើន ៖ គួរជៀសវាងភីហ្សា ប៊ឺហ្គឺរ ឬ អាហារដែលមានខ្លាញ់ច្រើនមុនពេលហាត់ប្រាណ ព្រោះវាពិបាករំលាយ ហើយអាចបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារទៀតផង ។
៨. អាហារដែលមានជាតិសូដ្យូមខ្ពស់ ឬ អាហារប្រៃ ៖ នឹងធ្វើឱ្យយើងត្រូវញ៉ាំទឹកច្រើន ហើយបរិមាណសូដ្យូមខ្ពស់អាចធ្វើឱ្យរាងកាយខ្សោះជាតិទឹក ។
៩. ស្ពៃពពួក (Cruciferous vegetables) ៖ បង្កឱ្យមានឧស្ម័ននៅក្នុងក្រពះ និង ហើមពោះ ដូច្នេះគួរតែជៀសវាងមុនពេលហាត់ប្រាណផងដែរ ៕