មិនទុកយូរ ស៊ូ ដាណេ ចេញមុខរិះគន់បទចម្រៀង «ដៃសើម» របស់ប្អូនប្រុស សុវណ្ណ រិទ្ធី (វីដេអូ)
ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញតារាពហុជំនាញ ស៊ូ ដាណេ បានចេញមុខប្រតិកម្មចំពោះអត្ថន័យនៅក្នុងបទចម្រៀងមួយដែលច្រៀងដោយលោក សុវណ្ណ សេដ្ឋី ជាប្អូនប្រុសរបស់លោក សុវណ្ណ រិទ្ធី ។ ក្នុងនោះ ស៊ូ ដាណេ បានសង្កត់ធ្ងន់ថា មិនបានជាន់ពន្លិចទេគ្រាន់តែជាការរិះគន់បែបស្ថាបនា និង សូមគិតពីផលប៉ះពាល់មុននឹងចេញបទចម្រៀងបែបនេះ ។
«ដៃសើម» ជាចំណងជើងបទចម្រៀងមួយរបស់លោក សុវណ្ណ សេដ្ឋី ដែលគេចាប់អារម្មណ៍ឃើញថាអត្ថន័យនៃបទចម្រៀងនេះហាក់បង្កប់នូវភាពអសីលធម៌ខ្លាំង ដោយបទចម្រៀងនេះទើបចេញកាលពីអំឡុងខែមេសាកន្លងទៅ ។
ដោយមានការទើសចិត្តចំពោះអត្ថន័យបទចម្រៀង ស៊ូ ដាណេ បានចេញមុខលើកឡើងថា «បើមិនទាន់មានអ្នកប្រតិកម្ម ខ្ញុំសូមប្រតិកម្មមុនគេទៅចុះ ហើយសូមម្ចាស់បទបើកចិត្តទទួលការស្ថាបនារបស់ខ្ញុំផង ។ ខ្ទមស្នេហ៍ ដៃសើម បងមិនភ្លេចនោះទេ…។ បងនៅចាំកាលពេលនោះធ្វើឱ្យដៃអូនសើម ។ ដៃមានសំណើម សើមជោគពេញខោ សំឡេងប្អូនល្អ ទឹកដៃធ្វើភ្លេងក៏ល្អ ប៉ុន្តែសូមប្អូនពិនិត្យមើលទំនុកច្រៀងសាជាថ្មី តើវាអាចប៉ះពាល់ដល់សង្គមប៉ុនណា? អ្នកលេង TikTok ខ្លះគាត់ចូលលេងវីដេអូ ហាក់មិនយល់ថាវាប៉ះពាល់ ព្រោះទទួលស្គាល់ថាភ្លេងល្អ ទឹកដមសំឡេងពីរោះ ។ បងមកល្អទេ មិនបានជាន់ពន្លិចអ្វីប្អូនឡើយ ។ សូមគិតផលប៉ះពាល់ផងមុននឹងចេញបទចម្រៀង» ។
ជាមួយនឹងការលើកឡើង របស់តារាចម្រៀង ស៊ូ ដាណេ ក៏ទទួលបានការគាំទ្រ និង មានការបញ្ចេញមតិរិះគន់បទចម្រៀងនេះពីសំណាក់មហាជនមួយចំនួននៅក្នុងបណ្តាញសង្គមផងដែរ ។ អ្នកខ្លះក៏បាននិយាយថា សំឡេង និង សាច់ភ្លេងពីរោះ តែគួរឱ្យស្តាយអត្ថន័យគឺអន់ខ្លាំងតែម្តង ។ ទោះបីជាយ៉ាងនេះក្តី គេមិនទាន់ឃើញម្ចាស់បទ «ដៃសើម» លោក សុវណ្ណ សេដ្ឋី ចេញមុខបកស្រាយនោះទេ ។
ស៊ូ ដាណេ ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលតែងចេញមុខថែរក្សា និង ការពារនូវបទចម្រៀងបែបប្រពៃណីចាស់ៗដែលមានដូចជាល្ខោន យីកេ និង ចម្រៀងចាប៉ី ជាដើម ។ ក្នុងនោះតារាចម្រៀងសម្បុរស្រអែមរូបនេះក៏មានបំណងចេញទៅទឹកដីកម្ពុជាក្រោម ដើម្បីបង្ហាត់របាំដល់បងប្អូនខ្មែរដែលរស់នៅទីនោះផងដែរ ។ ចង់ដឹងថា បទ ចម្រៀងរបស់ សុវណ្ណ សេដ្ឋី ដែលមានចំណងជើងថា «ដៃសើម» មានអត្ថន័យបែបណាទៅស្តាប់ទាំងអស់គ្នា ៕
រូបថត ៖ ហ្វេសប៊ុក