ព្រួយបារម្ភណាស់! ពលរដ្ឋនៅស្ទឹងមានជ័យ ផ្ដុំគ្នាកកកុញស្នើម្ចាស់ផ្ទះជួល ឱ្យចុះថ្លៃឈ្នួល
នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះ នៅក្នុងភូមិសាស្ត្រ ស្ទឹងមានជ័យ នៃរាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាច្រើននាក់ បានប្រមូលផ្ដុំគ្នាយ៉ាងកកកុញ ស្នើឱ្យម្ចាស់ផ្ទះជួល បញ្ចុះតម្លៃក្នុងការស្នាក់នៅក្នុងបរិបទកូវីដ-១៩ នេះ ។
តាមរយៈការផ្ដល់ព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ បានឱ្យដឹងថា បងប្អូនដែលរស់នៅតំបន់ខាងលើ បានផ្ដុំគ្នាដើម្បី ស្នើឱ្យម្ចាស់ផ្ទះជួល បញ្ចុះតម្លៃស្នាក់នៅឱ្យពួកគាត់ ខណៈដែលពួកគាត់ពុំត្រូវចាំបាច់មកប្រមូលផ្ដុំបែបនេះឡើយ ក្នុងបរិបទដែលប្រជាជនចាំបាច់ត្រូវរក្សាខ្លួននៅផ្ទះ ដើម្បីកាត់ផ្ដាច់ខ្សែរចម្លងនៅក្នុងសហគមន៍ ។
បើតាមប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ បានបញ្ជាក់ឱ្យដឹងទៀតថា ប្រសិនបើបងប្អូន ចង់ស្នើទៅម្ចាស់ផ្ទះបញ្ចុះតម្លៃផ្ទះជួល គឺគ្រាន់តែចាត់តំណាងមកខាងប៉ុស្ត៍ ឬ ទំនាក់ទំនងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការងារនេះ ដោយពុំចាំបាច់មកត្រូវប្រមូលផ្ដុំគ្នាបែបនេះឡើយ ព្រោះកាលដែលធ្វើបែបនេះនឹងនាំឱ្យកាន់តែមានហានិភ័យ ខណៈកាតព្វកិច្ចប្រជាជនក្នុងបរិបទនេះ ចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ និងការពារទាំងអស់គ្នា តាមវិធានការ ៣ កុំ ៣ ការពារ ៕