ការពាក់ម៉ាស់ ២ ជាន់ អាចបញ្ចៀសការឆ្លងកូវីដ-១៩ បានច្រើនជាងពាក់ម៉ាស់ ១ ជាន់មែនឬទេ?
ធ្លាប់ដែលឮឬទេថា ការពាក់ម៉ាស់ ២ ជាន់អាចបង្កើនប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ-១៩ ។ តើការពាក់ម៉ាស់ ២ ជាន់អាចការពារជំងឺកូវីដ-១៩ បានច្រើនជាងពាក់មួយជានមែនទេ?
-ពាក់ម៉ាស់ ១ ជាន់
បើយោងតាមក្រសួងសុខាភិបាលប្រទេសថៃ បាននិយាយថា ម៉ាស់ធម្មតាដែលយើងពាក់អាចការពារនឹងកម្ទេចទឹកមាត់ពីអ្នកជំងឺកូវីដ-១៩ បានរហូតដល់ ៩៥% ប៉ុន្តែត្រូវតែពាក់ឱ្យបានជិតល្អ និង ត្រឹមត្រូវ ។ ប្រសិនបើពាក់ម៉ាស់មិនត្រឹមត្រូវ រលុង មានចន្លោះរវាងម៉ាស់ និង ផ្ទៃមុខ ឬ មានប្រហោងបរិវេណច្រមុះ នឹងកាត់បន្ថយប្រសិទ្ធភាពនៃការការពារមេរោគ ថយចុះមកសល់ត្រឹមតែ ៤១,៣% តែប៉ុណ្ណោះ ។
ការពាក់ម៉ាស់ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារមេរោគ គឺត្រូវតែធ្វើយ៉ាងណាឱ្យផ្នែកខាងលើ ឬ ផ្នែកដែលរឹងរបស់ម៉ាស់បិទជិតជាប់ជាមួយនឹងផ្ទៃមុខរបស់យើង ជាពិសេសបរិវេណថ្ពាល់ និង ត្រមុះ ។
-ពាក់ម៉ាស ២ ជាន់
ពាក់ម៉ាស់ ២ ជាន់ មិនមែនក្នុងគោលបំណងធ្វើឱ្យម៉ាស់មានកម្រាស់ក្រាស់ជាងមុននោះទេ ប៉ុន្តែការពាក់ម៉ាស់ ២ ជាន់ក្នុងគោលបំណងចង់ឱ្យម៉ាស់បិទជិតនឹងផ្ទៃមុខជាងមុនកុំឱ្យមានចន្លោះអាចឱ្យមេរោគចូលបាន ។ អ្វីដែលត្រូវធ្វើគឺពាក់ម៉ាស់ធម្មតានៅស្រទាប់ទី ១ បនា្ទប់មកពាក់ក្រម៉ាស់ក្រណាត់ពីលើ មិនចាំបាច់ប្រើម៉ាស់ក្រណាត់ក្រាស់ក៏បានដែរ ប៉ុន្តែពាក់ម៉ាស់ក្រណាត់ដើម្បីជួយរឹតបន្តឹងម៉ាស់ឱ្យបិទជិតផ្ទៃមុខ និង កាត់បន្ថយចន្លោះតាមគែមៗម៉ាស់ ។
-ការប្រុងប្រយ័ត្នចំពោះការពាក់ម៉ាស់ ២ ជាន់
១. ការពាក់ម៉ាស់ ២ ជាន់ គួរជាម៉ាស់ធម្មតា ១ និង ម៉ាស់ក្រណាត់ ១ ។ មិនគួរពាក់ធម្មតាទាំង ២ ទេ ព្រោះវាមិនអាចធ្វើឱ្យម៉ាស់ជាន់ទី ១ រឹបបន្តឹងបានល្អជាងមុនទេ ។
២. ប្រសិនបើអ្នកពាក់ម៉ាស់ ២ ជាន់ហើយមានអារម្មណ៍ថា ដកដង្ហើមពិបាកខ្លាំង ឈឺក្បាល វិលមុខ អ្នកគួរតែពាក់ម៉ាស់តែមួយជាន់បានហើយ តែគួរពាក់ឱ្យបានត្រឹមត្រូវ ។
៣. ប្រសិនបើពាក់ម៉ាស់ ២ ជាន់ហើយមានអារម្មណ៍រំខាន មានអារម្មណ៍ថាពិបាកនិយាយ និយាយមិនច្បាស់ ពិបាកក្នុងការរស់នៅ គួរតែពាក់តែ ១ ជាន់បានហើយ ប៉ុន្តែព្យាយាមធ្វើយ៉ាងណាឱ្យគែមម៉ាស់បិទជិតនឹងមុខ ហើយកាត់បន្ថយការយកដៃទៅលើផ្ទៃមុខ ៕