ប៉ុន្មានយ៉ាងគួរតែដឹងមុនញ៉ាំទុរេន បើមិនប្រយ័ត្នអាចគ្រោះថ្នាក់ដល់ជីវិត
ទុរេនជាផ្លែឈើមួយប្រភេទដែលចាត់ចូលក្នុងក្រុមផ្លែឈើដែលមានតម្លៃថ្លៃ តែមានរសជាតិឆ្ងាញ់ ទើបមនុស្សជាច្រើនតែងតែមិនងាយរំលងផ្លែឈើមួយនេះទេ ពេលដល់រដូវកាលរបស់វាម្ដងៗ ។ ហើយវាថែមទាំងមានអត្ថប្រយោជន៍ច្រើនដល់រាងកាយទៀតផង ប៉ុន្តែវាក៏មានផលប៉ះពាល់មួយចំនួនចំពោះសុខភាពផងដែរ ។ ខាងក្រោមនេះគឺជាគុណវិបត្តិរបស់ទុរេន ៖
១. ទុរេនជាផ្លែឈើមានថាមពលខ្ពស់ព្រោះទុរេន ៤-៦ គ្រាប់ផ្តល់ថាមពល ៤០០ គីឡូកាឡូរីស្មើនឹងភេសជ្ជៈ ២ កំប៉ុង ឬ បាយមួយចានពេញដូច្នេះកុំញ៉ាំច្រើនពេកប្រយ័ត្នទម្ងន់ឡើងមិនដឹងខ្លួន ។
២. ទុរេនមានបរិមាណជាតិស្ករខ្ពស់ ដូច្នេះអ្នកមានជំងឺទឹកនោមផ្អែមគួរចៀសវាងវា ឬ កុំញ៉ាំច្រើនពេក ហើយអ្នកមិនមានជំងឺក៏គួរតែប្រយ័ត្នដូចគ្នា ។
៣. ក្រៅពីអ្នកជំងឺទឹកនោមផ្អែមហើយនោះ អ្នកមានជំងឺលើសឈាម ជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង និង ជាតិខ្លាញ់ក្នុងឈាមខ្អស់ គួរកុំញ៉ាំច្រើនពេក ទោះបីទុរេនជួយរក្សាតុល្យភាពសម្អាធឈាមមែនតែការពារប្រសើរជាងព្យាបាល ។
៤. ទុរេន គឺជាផ្លែឈើក្ដៅ ប្រសិនបើញ៉ាំជាមួយគ្រឿងស្រវឹងដែលមានជាតិអាល់កុល កាន់តែក្ដៅថែមទៀត អាចបង្កគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិតផងដែរ ។
៥. បើទុរេនមានថាមពលខ្ពស់ ដូច្នេះថ្ងៃណាដែលញ៉ាំវាគួរជៀសវាងអាហារណាដែលផ្ដល់ថាមពលខ្ពស់ដូចគ្នាដូចជា អាហារពួកចៀន អាហារដែលផ្សំពីខ្ទិះដូង បង្អែម ឬ ព្យាយាមកាត់បន្ថយបរិមាណអាហារនៅពេលបន្ទាប់ពីញ៉ាំទុរេន ។ ប្រសិនជាមានពេលទំនេរ គួរហាត់ប្រាណបន្ថែមដើម្បីដុតបំផ្លាញថាមពលបើមិនចង់ធាត់ ៕