សន្យាថាចប់កូវីដ ដោះបំណុលគេរួចហើយសន្សំលុយទៅលេងកន្លែងមួយនេះ ថតរូបឱ្យផ្អើលធម្មជាតិម្ដង
ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ពោពេញទៅដោយ កន្លែងកម្សាន្តសម្បូរបែប មានទាំងតំបន់ប្រវត្តិសាស្ត្រអង្គរ តំបន់ទឹកជ្រោះ និង រមណីយដ្ឋានធម្មជាតិ កែច្នៃជាច្រើនទៀត ។ ក្នុងនោះផងដែរ ថ្មីៗនេះមហាជននាំគ្នាចាប់អារម្មណ៍រមណីយដ្ឋានមួយកន្លែង ស្ថិតក្នុងខេត្តសៀមរាប មានប្លង់ថតរូបស្អាតៗ គួរជាទីទាក់ចិត្ត នោះគឺ «ធម្មជាតិស្រះខ្វាវ» ។
ស្ថិតនៅក្នុង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប តំបន់ទេសចរណ៍ «ធម្មជាតិស្រះខ្វាវ» គឺជាទីទាក់ចិត្តមហាជនគ្រប់ស្រទាប់ថ្នាក់ ដោយនៅទីនោះមានខ្យល់អាកាសល្អបរិសុទ្ធ អាចរីករាយជាមួយទេសភាពវាលស្រែវាលស្រូវ ដោយមានផ្លូវដើរជាស្ពានឈើ មើលនាយមើលអាយ ស្រស់ស្រាយសប្បាយចិត្ត ស្រូបយកខ្យល់ដ៏បរិសុទ្ធនាពេលព្រឹកព្រលឹម និង ជិះទោង ថតរូបកម្សាន្ត យ៉ាងមនោរម្យ ។
មិនតែប៉ុណ្ណោះ រមណីយដ្ឋានមួយនេះ គឺជាកន្លែងទេសចរណ៍ដែលទើបតែបង្កើតឡើងថ្មីសន្លាង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលធ្លាប់បានគ្រោងបើកឱ្យដំណើរការ នៅថ្ងៃទី ២២ មីនា ឆ្នាំ២០២១ កន្លងទៅនេះ ។ ដូច្នេះហើយ បើចប់កូវីដពេលណា កុំភ្លេចទៅទស្សនាឱ្យបានមុនគេ គ្រាន់ថតរូបកម្សាន្ត គយគន់វាលស្មៅបៃតង ស្រូបខ្យល់ធម្មជាតិ រំសាយចោលនូវរាល់រឿងរ៉ាវមិនសប្បាយចិត្តចេញឱ្យអស់ ៕
ប្រភព ៖ ទៅលេងបន្ទាយស្រី