ប្រាសាទ បាគង ស្រស់ស្អាត តែភ្ញៀវទេសចរមួយចំនួនទៅហួសមកហួស
ប្រាសាទបាគង ត្រូវបានជ្រើសយកមកសម្រាប់ការរចនាជាវិមានឯករាជ្យនៅក្រុងភ្នំពេញ តែក៏មានភ្ញៀវ ទេសចរមួយចំនួនបានទៅហួសមកហួសមិនដែលបានទៅលេង ព្រោះតែទីតាំងប្រាសាទស្ថិតនៅឆ្ងាយពីប្រាសាទអង្គរវត្ត ពោលគឺនៅខាងកើតទីរួមខេត្តសៀមរាប ។
បើភ្ញៀវទេសចរបានទៅទស្សនាពិតជាសរសើរថា ប្រាសាទនោះ មានសោភ័ណភាពល្អឥតខ្ចោះ និងទាក់ ទាញអារម្មណ៍ជាខ្លាំង ជាពិសេសរចនាបទរបស់ប្រាសាទតែម្តង ។
ប្រាសាទ បាគង នៅខេត្ត សៀមរាប ត្រូវបានសាងសង់ឡើងក្នុងរាជ្យព្រះបាទ ឥន្ទ្រវរ្ម័នទី១ ក្នុងឆ្នាំ ៨៨១ សម្រាប់ ឧទ្ទិសថ្វាយព្រះ ឥសូរ ក្នុងព្រហ្មមញ្ញសាសនា បើគិតមកទល់ពេលនេះ មានអាយុកាលជាង មួយពាន់ មួយរយឆ្នាំមកហើយ ។
ប្រាសាទនេះមានឈ្មោះដើមថា ឥន្ទ្រស្វារៈ ដែលស្ថិត នៅចំកណ្តាលនៃ រាជធានីហរិហរាល័យ ( រលួស ) គឺប្រាសាទនៃទីក្រុងរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ។
ប្រាសាទនេះ ជានិម្មិតរូបនៃភ្នំមេរុ ដែលស្រដៀងគ្នានឹងប្រាសាទបួរួបូឌួ នៅប្រទេសឥណ្ឌូនេស៊ី ( ប្រទេសជ្វា អតីតកាល ) ។
ប្រាសាទ បាគង មានខឿន ៥ ជាន់ ដែលតំណាងឱ្យឋាន៥ គឺឋាននាគ ឋានគ្រុឌ ឋានរក្សាសៈ ( ឋានមនុស្ស ) ឋានយក្ស និង ឋានមហារាជ ( ឋានអាទិទេព ) ។
ប្រាសាទ មានតួប៉ម១២ តំណាងឱ្យខែទាំង១២ គឺតំណាងឱ្យព្រះកាល គឺពេលវេលា ។ តួប៉មកណ្តាលសង់ក្នុងរាជ្យព្រះបាទសូរ្យ វរ្ម័នទី២ ស្ថិតក្នុងរចនាបថអង្គរវត្ត ដោយប្រាង្គចាស់ក្នុងរាជ្យ ព្រះបាទឥន្ទ្រវរ្ម័នទី១ នោះសង់ពីឥដ្ឋសម្រាប់តម្កល់សិវៈលិង្គ ( កម្រតេងជគតរាជស្រីឥន្ទ្រស្វារៈ ) សម្រាប់តម្លើងឋានៈទ្រង់ជាស្តេចនៃចក្រវាឡ ដែលជាអំណាចអមត ទាំង៩ និង អាណាចក្រ ៣ ។ វាមានប្រាង្គសង់ពីឥដ្ឋ ៨ ទៀត តំណាងឱ្យទិសទាំង ៨ និង ជាទីគង់របស់លោកបាលទាំង ៨ និង ជាលោកធាតុទាំង ៨ គឺទឹក ដី ភ្លើង ខ្យល់ មេឃ ព្រះអាទិត្យ ព្រះច័ន្ទ និង អាត្ម័ន ។ ប្រាសាទនេះ មានគូទឹកព័ទ្ធជុំវិញ ដែលតំណាងឱ្យមហាសមុទ្រធំៗទាំង ៧ ៕
ដោយ៖ ដេវីត