ខ្នងផ្សារ នៅដើមរដូវវស្សានេះ ទេសភាពខៀវស្រងាត់ ស្រស់ស្អាតប្រៀបបានឋានសួគ៌ក្រោមមេឃ
ខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិ ប្រៀបបានឋានសួគ៌ក្រោមមេឃ ដែលរំលេចខ្លួនឡើងនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីនោះជាទីតាំងប្រសព្វមុំបីផ្សារភ្ជាប់ខេត្តចំនួន ៣គឺ កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់ ។
ធ្លាប់តែជាវាលពណ៌មាសលាតសន្ធឹងពេញបព៌ត នៅរដូវប្រាំង តែពេលនេះ ខ្នងផ្សារ បានប្រែផ្លាស់សម្រស់ថ្មីមកជាវាលពណ៌បៃតងស្រស់ខៀវស្រងាត់ ក្រាលក្របដេរដាសពេញតំបន់ភ្នំ ស្រស់ស្អាតទ្វេដង គួរជាទីចាប់អារម្មណ៍ក្រៃលែង ។ ទេសភាពខៀវស្រងាត់់ បូករួមជំនោរខ្យល់ធម្មជាតិ លាយឡំផ្សែងអ័ព្ទសុះសាយពេញពសុធា បានធ្វើឱ្យទីនោះ ទាក់ទាញដួងចិត្ត ភ្ញៀវទេសចរដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ឱ្យចង់ទៅបោះតង់លម្ហែកាយា ក្រោយស្រាកស្រាន្តពីការរាតត្បាតមេរោគកូវីដ-១៩ ។
គួរបញ្ជាក់ផងដែរថា ដើម្បីទៅដល់ទីនោះ ប្រិយមិត្តត្រូវធ្វើដំណើរទៅទីរួមខេត្តកំពង់ស្ពឺ ចូលតាមផ្លូវជាតិលេខ៤ រួចបន្តដំណើរទៅមុខរហូតដល់ ភូមិរលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយត្រូវជិះបន្តមកមុខទៀតប្រហែល ៥ ទៅ ៦ គីឡូម៉ែត្រទៀត មកដល់ឃុំតាំងបំពង់ តំបន់រលាក់កងជើង ទើបឈប់ រួចត្រូវជិះគោយន្តរបស់សហគមន៍ទៅកាន់ជើងភ្នំ ដោយចំណាយពេលប្រហែលជិត ២ ម៉ោង ដើម្បីទៅដល់ជើងភ្នំដែលយើងត្រូវដើរឡើង ៕
រូបភាពដោយ ៖ គឹម បញ្ញារ័តន៍ AMS1minute