មិនចង់ចូលមន្ទីរពេទ្យទេ ពេលញ៉ាំទុរេនហើយ ដាច់ខាតកុំញ៉ាំអាហារទាំងនេះតាមក្រោយ
ទុរេន គឺជាផ្លែឈើមួយដែលមានកម្រិតជាតិស្ករខ្ពស់ និង ក្តៅ ដូច្នេះហើយការញ៉ាំទុរេនគួរតែមានការប្រុងប្រយ័ត្ន ។ លើសពីនេះទៅទៀត ក្រោយញ៉ាំទុរេនហើយ មានអាហារមួយចំនួនដែលមិនគួរញ៉ាំ និង មិនគួរញ៉ាំជាមួយគ្នានោះទេ អាហារទាំងនោះមានដូចជា ៖
១. មិនគួរញ៉ាំទុរេនជាមួយភេសជ្ជៈមានហ្គាស់
ទុរេន ជាមួយភេសជ្ជៈដែលមានហ្គាស់ មិនគួរយកមកញ៉ាំជាមួយគ្នានោះទេ ។ បើញ៉ាំជាមួយគ្នានឹងធ្វើឱ្យឈឺពោះ ឆ្អល់ពោះ ហើមពោះ រាក ក្អួត ជាដើម ម៉្យាងទៀតរាងកាយនឹងទទួលបានជាតិស្ករច្រើនខ្លាំង បណ្ដាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ចំពោះអ្នកមានជំងឺទឹកនោមផ្អែមបណ្ដាលឱ្យប្រកាច់បាន ។
២. ហាមញ៉ាំទុរេនជាមួយផ្លែមៀន
ផ្លែមៀន និង ផ្លែទុរេន គឺជាផ្លែឈើដែលមានជាតិស្ករខ្ពស់ដូចគ្នា ពេលញ៉ាំហើយនឹងផ្ដល់ថាមពលច្រើន និង ជាផ្លែឈើដែលក្ដៅដូចគ្នា ។ ដូច្នេះបើយល់ល្អកុំញ៉ាំទុរេនជាមួយផ្លែមៀនអីល្អជាង ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមដែលត្រូវគ្រប់គ្រងជាតិស្ករ ។
៣. ហាមញ៉ាំទុរេនជាមួយផ្លែឈើដទៃទៀតដែលមានជាតិស្ករខ្ពស់
ផ្លែឈើដែលមានជាតិផ្អែមដូចជា ផ្លែគូលែន សាវម៉ាវ ស្វាយទុំ និង ទុរេន ជាដើម ផ្លែឈើទាំងនេះមិនគួរញ៉ាំជាមួយគ្នានោះទេ ។ ដោយសារតែរាងកាយនឹងទទួលបានបរិមាណជាតិស្ករខ្ពស់ខ្លាំង បណ្ដាលឱ្យកម្រិតជាតិស្ករក្នុងឈាមកើនខ្ពស់ក្នុងរយៈពេលដ៏ខ្លី ប្រសិនបើមិនបានដុតបំផ្លាញវាទេ វានឹងកកកុញហើយប្រែទៅជាខ្លាញ់ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមអាចសន្លប់បាន ។
៤. ហាមញ៉ាំទុរេនជាមួយនឹងបង្អែម
ទាក់ទងទៅនឹងកម្រិតជាតិស្ករដូចខាងលើដែរ ដូច្នេះបើញ៉ាំទុរេនគួរជៀសវាងការញ៉ាំបង្អែម ឬ នំដែលផ្អែមខ្លាំងនោះទេ ដើម្បីការពារមិនឱ្យរាងកាយទទួលបានជាតិស្ករខ្ពស់ពេក ។
៥. ហាមញ៉ាំទុរេនជាមួយគ្រឿងស្រវឹង
គ្រឿងស្រវឹងមិនគួរញ៉ាំជាមួយទុរេនទេ ដោយសារតែពពួកគ្រឿងស្រវឹង និង ទុរេនមានថាមពលខ្ពស់ ទើបធ្វើឱ្យប្រព័ន្ធដុតបំផ្លាញរបស់រាងកាយត្រូវធ្វើការធ្ងន់ ។ រាងកាយនឹងឡើងកម្ដៅ ម៉្យាងទៀតគ្រឿងស្រវឹងធ្វើឱ្យបត់ជើងតូចច្រើន អាចបណ្ដាលឱ្យខ្វះជាតិទឹក ៕