រំភើបលាយក្ដុកក្ដួល! ស្ត្រីពពោះ ៨ ខែ ១៥ ថ្ងៃ ជាពីកូវីដ-១៩ ត្រូវចត្តាឡីស័កម្នាក់ឯង ខណៈប្ដីកំពុងព្យាបាលកូវីដ
មេរោគរាតត្បាតកូវីដ-១៩ តាមរយៈព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាន និង កំពុង រីករាលដាលក្នុងសហគមន៍នៅកម្ពុជាពុំទាន់ស្រាកស្រាន្តថមថយនៅឡើយទេ ក្នុងរយៈពេលច្រើនខែជាប់គ្នាមកនេះ ដែលបណ្ដាលឱ្យប្រជាជនមួយចំនួន ត្រូវជួបផលប៉ះពាល់ និង រកឃើញវិជ្ជមានជាបន្តបន្ទាប់ ជាហេតុនាំឱ្យមានការឃ្លាតចាកគ្រួសារ ទៅព្យាបាលរៀងៗខ្លួនគួរឱ្យស្រណោះ ។
ជាក់ស្ដែងថ្មីៗនេះ មហាជនមានអារម្មណ៍រំភើបលាយក្ដុកក្ដួល ដោយសារតែមានកម្មការិនីរោងចក្រម្នាក់ ឈ្មោះ ហៀង ស្រីនាង មានផ្ទៃពោះ ៨ ខែ ១៥ ថ្ងៃបានជាសះស្បើយពីជំងឺកូវីដ-១៩ ។ ទោះបីជាបានសះស្បើយពិតមែនក្ដី ប៉ុន្តែស្ត្រីពពោះទារកខាងលើ នឹងត្រូវធ្វើចត្តាឡីស័កដោយនៅម្នាក់ឯង ខណៈដែលស្វាមីរបស់ខ្លួន នៅវិជ្ជមានកូវីដនៅឡើយ កំពុងសម្រាកព្យាបាលជំងឺមួយនេះនៅក្នុងមន្ទីរពេទ្យ ពុំអាចមើលថែភរិយាដែលមានផ្ទៃពោះបាន ។
យ៉ាងណាមិញ ជុំវិញរឿងនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានរកកន្លែងស្នាក់នៅដ៏ល្អ ជូនស្រ្តីពពោះខាងលើ និង បានរៀបចំផ្គត់ផ្គង់អាហារ ៣ ពេល ជូនដល់រូបគាត់រហូតដល់ប្តីរបស់គាត់បានជាសះស្បើយ វិលមកជួបជុំគ្រួសារវិញ ជាហេតុធ្វើឱ្យមហាជនបានធូរចិត្ត និង កោតសរសើរចំពោះការយកចិត្តទុកដាក់ដ៏ថ្លៃថ្លា ពីសំណាក់ក្រុមគ្រូពេទ្យចិត្តធម៌ ៕
ប្រភព ៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ