ពងបែកក្នុងមាត់បណ្តាលមកពីអ្វី? ហើយអ្នកគួរធ្វើម៉េចទើបឆាប់ជា?
អាការក្ដៅក្នុង ឬ ដំបៅក្នុងមាត់ ឬ ពងបែកក្នុងមាត់ (Apthous ulcer) បើវាកើតពេលណាវេទនាពេលនោះ ព្រោះតែញ៉ាំអាហារក៏ពិបាក ទំពាអាហារក៏ឈឺ ដោយសារតែវាកើតលើអណ្តាត បបូរមាត់ខាងក្នុង ក្រអូមទន់ ជាដើម ។
ជំងឺដែលកើតក្នុងមាត់មានច្រើនប្រភេទណាស់ ប៉ុន្តែជំងឺដែលឧស្សាហ៍កើតមានជាងគេ នោះគឺជំងឺពងបែកក្នុងមាត់ ។ ជំងឺនេះកើតឡើងនៅលើមនុស្សគ្រប់ភេទគ្រប់វ័យ ជាពិសេសកើតលើកូនក្មេង ។ ជំងឺពងបែកមាត់បែងចែកជា ៣ ប្រភេទ គឺជំងឺពងបែកទំហំតូច ជំងឺពងបែកទំហំធំ និង ជំងឺពងបែកតូចៗជាច្រើន ។ ទោះបីជាក្រុមគ្រូពេទ្យមិនទាន់កំណត់បានច្បាស់ពីមូលហេតុពិតប្រាកដរបស់វា ប៉ុន្តែមានកត្តាជាច្រើនតែងតែធ្វើឱ្យកើតមានការក្ដៅក្នុង ដូចជា ៖
• ការគេងយប់ជ្រៅ គេងបានតិច គេងមិនទៀងទាត់
• រាងកាយទន់ខ្សោយ
• ស្ត្រេស
• ប្រែប្រួលអ័រម៉ូន ដូចជាស្ត្រីនៅមុនពេលមានរដូវ ឬ ស្ត្រីមានផ្ទៃពោះ ជារឿយៗមានការក្ដៅក្នុង
• ប្រត្តិកម្មទៅលើអាហារមួយចំនួន
• កង្វះវីតាមីន B១២ ជាតិដែក និង អាស៊ីតហ្វូលិក (Folate)
• ជក់បារី
ជាធម្មតាជំងឺពងបែកក្នុងមាត់នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ៧-១០ ថ្ងៃ ប៉ុន្តែប្រសិនបើអ្នកកើតហើយមានការឈឺចាប់ខ្លាំង ឬ មិនជាសះស្បើយក្នុងរយៈពេលខាងលើ គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ ។ ប្រសិនជាពិនិត្យមើលហើយឃើញថា គ្រាន់តែជាពងបែកធម្មតាៗទេ ពេទ្យនឹងឱ្យថ្នាំមកលេប ហើយអ្នកគួរធ្វើអនាម័យមាត់ធ្មេញឲ្យបានល្អ ក្នុងករណីធ្ងន់ធ្ងរគ្រូពេទ្យ និង ធ្វើការព្យាបាលបន្តទៀត ៕