ស្អាតពេកក្រៃ! ទិដ្ឋភាពប្រាសាទនាគព័ន្ធ ថតពីលើអាកាសា នាដើមរដូវវស្សា ឆក់យកបេះដូងកូនខ្មែរហើយ
ប្រាសាទនាគព័ន្ធត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ នៃចុងសតវត្សរ៍ទី ១២ សាងសង់នៅលើកោះទំហំ ៣៥០ ម បួនជ្រុង បើតាមសិលាចារឹកលេខ K-៩០៨ ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា រាជស្រី ជាភាសាបាលី ឬ សំស្រ្កឹត ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ដែលមានទីតាំងស្ថិតនៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។
បើក្រឡេកមកមើលទិដ្ឋភាពដ៏ស្រស់ត្រកាលរបស់ប្រាសាទនាគព័ន្ធនារដូវវស្សាថតពីលើអាកាសានេះវិញ ឃើញថានៅជុំវិញប្រាសាទមានព័ទ្ធទៅដោយគូទឹកយ៉ាងធំល្វឹងល្វើយ អមទៅដោយព្រៃឈើយ៉ាងច្រើនដេរដាស់ ភ្ញៀវទេសចរអាចចូលទៅតាមច្រកស្ពានឈើមួយយ៉ាងវែងសម្រាប់ឱ្យយើងមានភាពងាយស្រួលធ្វើដំណើរទៅកាន់ប្រាសាទតែម្តង ។
ប្រាសាទនាគព័ន្ធ ជារតនវត្ថុយ៉ាងមានតម្លៃមួយ ដែលបុព្វបុរសយើងបានបន្សល់ទុកមក មានបង្កប់នៅលក្ខណៈពិសេសដោយរូបចម្លាក់ទាំង ៤ ជាតំណាងឱ្យធាតុទាំង ៤ គឺធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក មានរាងជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីរពេទ្យ ។ មិនត្រឹមតែប៉ុណ្ណោះ បារាយណ៍ទឹកដែលព័ទ្ធជុំវិញនេះ សព្វថ្ងៃកំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដល់មនុស្សសត្វ និង ទ្រទ្រង់កិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ៕
ប្រភព ៖ អាជ្ញាធរជាតិអប្សរា