លស់ព្រលឹងអស់! ឃើញឡានពេទ្យបត់កន្ទុយចូលផ្ទះ នាំគ្នាស្លន់រត់ព្រាត តាមពិតពេទ្យចូលដូរសម្បកកង់ឡាន
ក្រោយផ្ទុះព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៅកម្ពុជា បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ នាំគ្នាប្រុងប្រយ័ត្នខ្ពស់ និង គោរពនូវវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋាភិបាលបានយ៉ាងខ្ជាប់ខ្ជួនជាងមុន ដោយចេះរស់នៅតាមបែបគន្លងថ្មី និង នាំគ្នាតាមដានស្ថានការណ៍ជាប់លាប់ អំពីករណីកូវីដនានាដែលបានកើតឡើងនៅកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ត្ររបស់ខ្លួន ។
ទន្ទឹមនឹងការតាមដាននេះ មានរឿងហេតុហួសចិត្តមួយដែលនឹកស្មានមិនដល់ បានកើតឡើងនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានក្រុមគ្រូពេទ្យបានបើកឡានសារ៉ែន បត់កន្ទុយឡានចូលទៅក្នុងយានដ្ឋានមួយដែលមានឈ្មោះថា ញញួរទិព្វ សារុន ចិន្តា ដែលធ្វើឱ្យអ្នកនៅជុំវិញនោះ នាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលអ្នកនៅក្នុងយានដ្ឋានផ្ទាល់ នាំគ្នាលស់ព្រលឹង ស្លន់ស្លោ សឹងតែរត់ជែកជើងគ្នា ដោយយល់ថាក្រុមគ្រូពេទ្យ បើកឡានមកទទួលខ្លួនទៅព្យាបាល ដោយសារកើតកូវីដ-១៩ ។
ក្រោយដឹងការពិត ពួកគាត់នាំគ្នាយកដៃគក់ទ្រូងហួសចិត្តនឹងការស្មានខ្លួនឯង ដែលតាមជាក់ស្ដែងទៅ គ្រូពេទ្យបានបត់ឡានចូល ក្នុងគោលបំណងសួរនាំជាងឡាន អំពីការដូរសម្បកកង់ឡាន ដែលគ្រូពេទ្យបើកចូលនោះទេ ធ្វើឱ្យពួកគាត់នឹកហួសចិត្ត អស់សំណើចខ្លួនឯងជាខ្លាំង ៕