ករណីផ្ទុះឆ្លងដល់អ្នកទោស លើកទី ១ នៅកម្ពុជា អាចមកពីមូលហេតុនេះ
នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ នេះ យោងតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានថ្លែងប្រាប់ប្រភពព័ត៌មានឱ្យបានដឹងអំពី ករណីរកឃើញអ្នកទោសជាប់ពន្ធនាគារ នៅរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ សរុប ៥២ នាក់ វិជ្ជមានកូវីដ-១៩ ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ បានបញ្ជាក់លម្អិតឱ្យបានដឹងថា កាលពីដើមខែឧសភា គឺក្រុមការងារបានរកឃើញវិជ្ជមានចំនួន ៣៤ នាក់ នៅក្នុងខេត្តព្រះសីហនុ ។ រហូតមកដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ ស្រាប់តែរកឃើញ អ្នកជាប់ឃុំនៅពន្ធនាគារ វិជ្ជមានកូវីដ-១៩ ចំនួន ១៨ នាក់ទៀតផងដែរ នៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ។
ជុំវិញរឿងនេះ លោក នុត សវនា បានបញ្ជាក់យ៉ាងច្បាស់ពីមូលហេតុ ដែលនាំឱ្យមានការឆ្លងអ្នកទោស នៅក្នុងខេត្តព្រះសីហនុ ដោយសង្ស័យឆ្លងចេញពីជនជាតិតៃវ៉ាន់ ដែលជាប់ឃុំ ពេលកំពុងត្រៀមបញ្ជូនទៅប្រទេសដើមវិញ ។ ដោយឡែក សម្រាប់ប្រភពចម្លងដំបូង នៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ លោកមិនទាន់អាចបញ្ជាក់លម្អិតឱ្យដឹងនៅឡើយទេ ប៉ុន្ដែតាមការស្រាវជ្រាវជំហ៊ានដំបូង អាចផ្ដើមចេញពីកម្មករសំណង់ដែលដឹកសម្ភារចូលពន្ធនាគារ ដើម្បីសាងសង់សំណង់ផ្សេងៗ ៕
ប្រភព ៖ Fresh News