ម៉ាក់ៗចង់មានកូន កុំមើលស្រាលជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ វាគ្រោះថ្នាក់ជាងអ្វីដែលគិតទៀត
ការកើនឡើងជាតិស្ករកំឡុងពេលមានផ្ទៃពោះ (Gestational Diabetes) កើតឡើងចំនួន ២%-៥% នៃស្ត្រីមានផ្ទៃពោះទាំងអស់ ប៉ុន្តែវាបាត់ទៅវិញនៅពេលស្រី្តសម្រាលកូនរួច ។ ការធាត់ខ្លាំងក៏ជាកត្តាប្រឈមខ្ពស់មួយផងដែរ ។ ស្រ្តីដែលកើនជាតិស្ករក្នុងឈាមកំឡុងពេលមានផ្ទៃពោះ ជាកត្តាប្រឈមខ្ពស់ដែលអាចកើតមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ នៅក្នុងការធ្វើការសិក្សា ស្រ្តីជិត ៤% ដែលមានប្រវត្តិឡើងជាតិស្ករនៅក្នុងឈាមនៅពេលមានផ្ទៃពោះ អាចកើតមានជំងឺទឹកនោមផ្អែមនៅពេលអនាគត ។
១-ប្រភេទទាំង ៤ នៃជំងឺទឹកនោមផ្អែម
• ជំងឺទឹកនោមផ្អែមប្រភេទទី ១
• ជំងឺទឹកនោមផ្អែមប្រភេទទី ២
• ការកើនឡើងជាតិស្ករកំឡុងពេលមានផ្ទៃពោះ ឬ ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ
• ប្រភេទជំងឺទឹកនោមផ្អែមជាក់លាក់ផ្សេងៗទៀត ។
២-រោគសញ្ញានៃជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ
ជាទូទៅជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ មិនមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែអាចសង្កេតមើលអាការបាន ស្រដៀងនឹងការឡើងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ (hyperglycemia) ដូចច្នេះអាការមានដូចជា មានថាអារម្មណ៍ស្រេកទឹកច្រើនជាងធម្មតា បត់ជើងតូចញឹកញាប់ អស់កម្លាំង និង ហត់នឿយ ។
៣-ផលប៉ះពាល់នៃជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះចំពោះម្ដាយ និង ទារក
ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ នឹងមិនប៉ះពាល់ច្រើនទេដល់ការមានផ្ទៃពោះ បើសិនជាអ្នកធ្វើតាមការណែនាំរបស់គ្រូពេទ្យ ។ ផ្ទុយទៅវិញ បើមិនតាមដាន និង ព្យាបាលទេ ជំងឺនេះនឹងបង្កឱ្យមានផលវិបាករយៈពេលវែងដល់ម្តាយ និង ទារក ។
៤-ផលវិបាកចំពោះទារក
• ទារកកើតមិនគ្រប់ខែ ។
• ទម្ងន់ទារកលើសពីស្ដង់ដាដូចជា ទារកមានទំហំធំជាងធម្មតាដែលធ្វើឱ្យពិបាកក្នុងការសម្រាល ឬ អាចមានគ្រោះថ្នាក់ក្នុងពេលសម្រាល ។
• ទារកនឹងមានកម្រិតជាតិស្ករក្នុងឈាមទាបជាងធម្មតាភ្លាមៗក្រោយពេលសម្រាលរួច ។
• ទារកមានបញ្ហានឹងផ្លូវដង្ហើម ។
• ទារកអាចស្លាប់ក្នុងផ្ទៃ ។
• ទារកកើតពីម្តាយដែលមានជំងឺនេះមានឱកាសមានជំងឺធាត់ ហើយអាចមានជំងឺទឹកនោមផ្អែមប្រភេទទី ២ នាពេលអនាគត ។
៥*ផលវិបាកចំពោះម្តាយ
• ស្ត្រីដែលមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ មានឱកាសសម្រាលមុនកំណត់ ។
• ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ បង្កើនឱកាសក្នុងការសម្រាលដោយការវះកាត់ ដោយសារតែទារកមានទំហំធំជាងធម្មតា ។
• ម្ដាយដែលមានជំងឺទឹកនោមក្នុងពេលមានផ្ទៃពោះ នឹងមានឱកាសកើតជំងឺទាំងនោមផ្អែមប្រភេទទី ២ ក្រោយសម្រាលច្រើនជាងស្ត្រីធម្មតា ៧.៤ ដង ។
• ម្ដាយដែលមានជំងឺនេះអាចឈានទៅជំងឺលើសសម្ពាធឈាម និង ជំងឺក្រឡាភ្លើង ៕