ចំពោះម៉ាក់ៗកំពុងមានផ្ទៃពោះ បើជៀសវាងបាន មិនគួរញ៉ាំផ្លែឈើទាំងនេះទេ
សម្រាប់ស្ត្រីមានផ្ទៃពោះគួរតែញ៉ាំផ្លែឈើឱ្យបានច្រើនៗ ព្រោះគុណប្រយោជន៍នៃផ្លែឈើនឹងជួយដល់រាងកាយរបស់ម្តាយ និង ចិញ្ចឹមទារកក្នុងផ្ទៃ ប៉ុន្តែអ្នកដឹងទេថា ម្ដាយមានផ្ទៃពោះគួរជៀសវាងផ្លែឈើណាខ្លះ ? ដោយសារតែផ្លែឈើគ្រប់មុខ មិនចេះតែសមស្របសម្រាប់ម្តាយមានផ្ទៃពោះនោះទេ ។ ផ្លែឈើខ្លះញ៉ាំហើយមានប្រយោជន៍ ផ្លែឈើខ្លះបង្កគ្រោះថ្នាក់ ឬ មានផលប៉ះពាល់ដល់ម្ដាយ និង កូន ។ ដូច្នេះដើម្បីសុវត្ថិភាពម្តាយ និង ទារកក្នុងផ្ទៃ យើងធ្វើការរួបរួមផ្លែឈើដែលមិនសមស្របសម្រាប់ស្ត្រីមានផ្ទៃពោះ ផ្លែឈើទាំងនោះមាន ៖
១. ទុរេន
ទុរេន នៅពេលដែលញ៉ាំហើយនោះបណ្តាលឱ្យរាងកាយឡើងកំដៅ និង កើតមានឧស្ម័ននៅក្នុងពោះវៀន ។ ម្ដាយនឹងមានអារម្មណ៍ថាមិនស្រួលខ្លួន ហើមពោះ ឬ តឹងពោះ លើសពីនេះទៀតទុរេនមានបរិមាណម្សៅ និង ជាតិស្ករខ្ពស់ ដែលអាចប៉ះពាល់ដល់ទម្ងន់របស់ម្ដាយ ឬ អាចមានហានិភ័យនៃជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ។
២. ផ្លែត្របែក
ពិតណាស់ដែលផ្លែត្របែកគឺជាផ្លែឈើដែលមានវីតាមីន C ខ្ពស់ ប៉ុន្តែនៅពេលញ៉ាំហើយ ត្រូវការពេលយូរដើម្បីរំលាយ ។ នៅពេលម្តាយញ៉ាំផ្លែត្របែកបណ្តាលឱ្យហើមពោះ តឹងពោះ និង មិនស្រួលខ្លួននៅពេលក្រោយ ។
៣. ផ្លែស្វាយ
រួមទាំងស្វាយខ្ចី និង ស្វាយទុំ ដែលក្នុងស្វាយខ្ចីមានម្សៅដែលជាជាតិកាបូអ៊ីដ្រាតខ្ពស់ ធ្វើឱ្យចំណាយពេលយូរដើម្បីរំលាយ ហើយធ្វើឱ្យហើមពោះ ។ ចំណែកស្វាយទុំ ពិតណាស់ថាវាងាយរំលាយជាងផ្លែស្វាយខ្ចី ប៉ុន្តែវាក៏មានបរិមាណជាតិស្ករខ្ពស់ ប្រសិនជាញ៉ាំច្រើនអាចបណ្ដាលឱ្យធាត់ និង វិវត្តទៅជាជំងឺទឹកនោមផ្អែមតាមក្រោយ ។
៤. ផ្លែឪឡឹក
អ្នកប្រហែលជាធ្លាប់បានឮខ្លះហើយថា អ្នកមានផ្ទៃពោះហាមញ៉ាំឪឡឹក នោះក៏ព្រោះតែផ្លែឪឡឹកមានផ្ទុកជាតិទឹកច្រើន ។ នៅពេលញ៉ាំអាចបណ្តាលឱ្យម្តាយមានអាការជាអេឌីម៉ា (Edema) និង មានបរិមាណជាតិស្ករច្រើនគួរសមដែរ បណ្តាលឱ្យម្តាយមានផ្ទៃពោះឡើងទម្ងន់បាន និង ពិបាកក្នុងការសម្រាលកូន ។
៥. ផ្លែមៀន
ផ្លែមៀន គឺជាផ្លែឈើក្តៅនៅពេលញ៉ាំបណ្តាលឱ្យមានកំដៅខាងក្នុង ។ លើសពីនេះទៅទៀតផ្លែមៀនមានរសជាតិផ្អែមខ្លាំង ធ្វើឱ្យអរម៉ូនអាំងស៊ុយលីនដំណើរការខុសប្រក្រតី ។ បណ្ដាលឱ្យងាយឡើងទម្ងន់ ហើយពិបាកបញ្ចុះទម្ងន់វិញក្រោយពេលសម្រាលរួ ហើយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមខ្ពស់ផងដែរ ។
៦. ផ្លែឈើត្រាំ ឬ របស់ត្រាំ
មានម្ដាយមួយចំនួនដែលចាញ់កូនហើយញ៉ាំរបស់ត្រាំធ្វើឱ្យអាការប្រសើរឡើងជាមុនក៏ដោយ ។ ប៉ុន្តែផ្លែឈើត្រាំគ្រប់មុខ គឺជាផ្លែឈើហាមឃាត់សម្រាប់ម្តាយមានផ្ទៃពោះ ដោយសារមានអំបិល និង ស្ករច្រើន ញ៉ាំហើយអាចបណ្ដាលឱ្យឈឺពោះ រាកជាដើម ។
ឥលូវនេះយើងបានដឹងហើយថាផ្លែឈើដែលមិនគួរញ៉ាំពេលមានផ្ទៃពោះមានអ្វីខ្លះ? ប៉ុន្តែប្រសិនបើម្ដាយដែលចាញ់កូនហើយចង់ញ៉ាំផ្លែឈើទាំងនេះ គួរតែញ៉ាំឱ្យតិចបំផុត ឬ ប្រសិនបើអាចជៀសវាងបានគួរតែជៀសវាង ដើម្បីសុខភាពម្តាយ និង ទារកក្នុងផ្ទៃ ៕