បើចាញ់កូនញ៉ាំអាហារមិនបាន សាកអាហារទាំង ១០ មុខនេះម្តងលមើល៍ ធានាជាប់ចិត្ត
ក្រៅពីរាងកាយមានការប្រែប្រួលហើយនោះ បញ្ហាមួយទៀតដែលកើតឡើងចំពោះម្តាយមានផ្ទៃពោះ នោះគឺអាការចាញ់កូនដែលជៀសមិនរួចទេ ។ មនុស្សម្នាក់ៗមានកម្រិតនៃការចាញ់កូនខុសៗគ្នា អ្នកខ្លះចាញ់តិចតួច អ្នកខ្លះធ្ងន់ធ្ងររហូតមិនអាចញ៉ាំអាហារបាន ប៉ះពាល់ទៅដល់សុខភាពខ្លួនឯង និង សុខភាពទារកក្នុងផ្ទៃទៀត ។ ដូច្នេះថ្ងៃនេះយើងសូមនាំអ្នកដឹងនូវអាហារទាំង ១០ មុខ ដែលជួយបំបាត់អាការចាញ់កូនសម្រាប់ម្តាយទាំងអស់គ្នា ។
១. ស៊ុបបន្លែ
ស៊ុបបន្លែដែលក្តៅៗ គឺជាអាហារមួយដែលជួយកាត់បន្ថយអាការចាញ់កូនបានយ៉ាងល្អ ហើយក៏សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផងដែរ ដូចជាកាល់ស្យូម វីតាមីន A វីតាមីន C និង ម៉ាញ៉េស្យូមជាដើម ។
២. ភេសជ្ជៈប្រភេទស្មូតធី (Smoothie)
ភេសជ្ជៈប្រភេទនេះជួយឱ្យការចាញ់កូន និង អ្នកដែលចង់ក្អួតអាចធូរស្រាលជាងមុន ពេលញ៉ាំវាហើយនឹងជួយឱ្យជាតិអាស៊ីត និង ជាតិស្ករក្នុងឈាមមានតុល្យភាពគ្នាឡើងវិញ ។
៣. ទឹកខ្ញី
ទឹកខ្ញីក្ដៅៗ ក៏អាចជួយទៅដល់ម្ដាយដែលចាញ់កូនបានផងដែរ ។ ខ្ញីជាឱសថបុរាណម៉្យាងដែលមានសារជាតិជួយព្យាបាល ឬ កាត់បន្ថយអាការផ្សេងៗដែលកើតមានចំពោះក្រពះពោះវៀនបានយ៉ាងល្អ ។
៤. ទឹកដូង
ទឹកដូង មានប្រយោជន៍ជាច្រើនណាស់ចំពោះម្ដាយមានផ្ទៃពោះ ម៉្យាងទៀតជួយឱ្យការចាញ់កូនរបស់ម្ដាយធូរស្រាលជាងមុន និង ជួយឱ្យម្ដាយមានកម្លាំងផងដែរ ។
៥. ផ្លែប៉ោម
ផ្លែប៉ោម គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយជាតិសរសៃច្រើន ជាតិសរសៃអាចកម្ចាត់ជាតិគីមីមួយចំនួនដែលបង្ករឱ្យមានអាការចាញ់កូន ។
6. ក្រូចឆ្មារ
ទឹកក្រូចឆ្មារ ចាត់ទុកថាឱសថម៉្យាងដែលជួយកាត់បន្ថយការចាញ់កូនបានយ៉ាងល្អប៉ផុត ប៉ុន្តែប្រសិនបើម្ដាយដែលមិនចូលចិត្តរសជាតិជូររបស់វា អាចហិតក្លិនរបស់វាជំនួសវិញក៏បាន ព្រោះវិធីនេះក៏អាចជួយកាត់បន្ថយការក្អួតចង្អោរបានដែរ ។
៧. ផ្លែបឺរ
ដោយសារតែផ្លែបឺរ គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន B៦ ជាសារធាតុចិញ្ចឹមដែលមានចំណែកជួយកាត់បន្ថយការក្អួតចង្អោរ ដូច្នេះការញ៉ាំផ្លែបឺរអាចជួយបំបាត់ការចាញ់កូនបាន ។
៨. នំប៉័ង
បើចង់កាត់បន្ថយការចាញ់កូនដោយការញ៉ាំនំប៉័ង ណែនាំឱ្យញ៉ាំក្រោយពេលក្រោកពីគេង បន្ទាប់មកគួរគេងបន្តមួយសន្ទុះទៀត ហើយចាំក្រោកឡើងទៅធ្វើការផ្សេងទៀត ។ ការធ្វើបែបនេះនឹងជួយកាត់បន្ថយអាការចាញ់កូនដែលកើតឡើងពេលព្រឹកបានយ៉ាងល្អ ។
៩. Cereal (ធញ្ញជាតិចំរុះ)
គួរតែជ្រើសរើស Cereal ដែលមានវីតាមីន B៦ ច្រើន ដូចដែលយើងបានដឹងថាវីតាមីន B៦ មានចំណែកជួយកាត់បន្ថយការក្អួតចង្អោបានយ៉ាងល្អ ។ ម៉្យាងទៀតគួរជ្រើសរើស Cereal ដែលមានគ្រាប់ធញ្ញជាតិច្រើន និង មានបរិមាណជាតិស្ករទាប ។
១០. ជីអង្កាម (Apple Mint)
ជីអង្កាម អាចយកមកប្រើដើម្បីកាត់បន្ថយអាការចាញ់កូនបានបានច្រើនរបៀបដូចជា យកមកញ៉ាំដោយផ្ទាល់ យកមកហិត ឬ យកមកមកស្ងោរហើយយកទឹកវាមកញ៉ាំ ក្លិនប្រហើររបស់វាអាចកាត់បន្ថយការចាញ់កូន និង ក្អួតចង្អោបានយ៉ាងល្អ ។
ពេលម្តាយមានផ្ទៃពោះដំបូងៗហើយមានការចាញ់កូន មិនអាចញ៉ាំអាហារបាន សូមណែនាំថាគួរតែសាកញ៉ាំអាហារទាំង ១០ មុខនេះសាកលមើល៍ ក្រែងអាហារទាំងនេះអាចជួយឱ្យអាការរបស់ម្ដាយធូរស្រាលជាងមុន ហើយអាចញ៉ាំអាហារផ្សេងបានច្រើនជាងមុន ៕