ត្រៀមកាមេរ៉ាទៅ! ចប់កូវីដ ដើរលេងឱ្យណាណីម្តង កោះរាជបុត្រ មិនបាច់ជិះទូកក៏ទៅដល់
ជំនោរខ្យល់បក់មករសៀកៗ ធ្វើឱ្យជលសារលាស់ខ្លួនជារលករុញច្រានទៅបោកបក់នឹងឆ្នេរខ្សាច់សក្បុស ឮសំឡេងយ៉ាងពីរោះរណ្ដំ ក្រោមបរិយាកាសដ៏ស្រស់ស្អាតរបស់ កោះរាជបុត្រ ជាទីឋានមួយដ៏សែនរ៉ូមែនទិកដែលមនុស្សតែងប្រាថ្នាចង់ទៅទស្សនា ។ ជាផ្នែកមួយនៃឧទ្យានជាតិរាម មានទីតាំងស្ថិតនៅចម្ងាយ ២០០ ម៉ែត្រពីឆ្នេររាម និង មានចម្ងាយប្រហែល ៤០ km ពីរង្វង់មូលតោពីរ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
កោះដ៏តូចច្រឡឹង លយចូលក្នុងផ្ទៃសមុទ្រចម្ងាយប្រមាណ ១៤០ ម៉ែត្រពីឆ្នេរ តភ្ជាប់ដោយស្ពានឈើមួយខ្សែបន្លាយខ្លួនអូសកាត់លើផ្ទៃសមុទ្រ អមដោយស្ពានឈើព័ទ្ធជុំវិញ បង្កជាលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ បង្កប់នូវទេសភាពទាក់ទាញមួយយ៉ាងស្រស់ត្រកាល មានឆ្នេរខ្សាច់សក្បុសយ៉ាងស្រស់ស្អាត ដើមដូងច្រូងច្រាង ពិតជាស័ក្ដិសមបំផុតសម្រាប់គូស្នេហ៍ទៅសាងភាពផ្អែមល្ហែមជាមួយគ្នា ឬ ទៅកម្សាន្តជាលក្ខណៈមិត្តភក្ដិ ក្រុមគ្រួសារក៏សប្បាយរីករាយ ក្នុងការទស្សនាទេសភាពដ៏ប្រពៃនេះ ។
កូនកោះតូច ដែលបណ្ដែតខ្លួនយ៉ាងសង្ហាលើផ្ទៃសាគរ មានកន្លែងកម្សាន្តជាច្រើនដូចជា ជិះទូកទស្សនាព្រៃកោងកាង ទស្សនាថ្មលយ ហែលទឹក គយគន់ថ្ងៃលិច និង ចំណុចផ្សេងៗទៀត មិនត្រឹមតែប៉ុណ្ណេះ ថែមទាំងមានកន្លែងអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ ៕
ប្រភពរូប ៖ Sok Bunthoeurn