ស្រីៗគួរដឹង! អាហារប្រភេទនេះ គួរតែជៀសវាងដាច់ខាតអំឡុងពេលមករដូវ
ភាពនឿយហត់ អារម្មណ៍តានតឹងមិននឹងន រួមទាំងការឈឺចុកចាប់ក្នុងពោះតែងកើតមានឡើងក្នុងអំឡុងពេលមនុស្សស្រីមករដូវ ។ អាហារដែលអ្នកញ៉ាំ គឺសំខាន់បំផុតសម្រាប់ពេលនេះ ការញ៉ាំអាហារដែលមានជីវជាតិត្រឹមត្រូវអាចជួយកាត់បន្ថយការឈឺរួយសាច់ដុំ ហើមពោះ ឈឺក្បាល និង ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ។ ហេតុនេះដើម្បីជួយសម្រួលដល់ការឈឺចាប់ពេលមករដូវគួរតែជៀសវាងអាហារទាំង ៤ ប្រភេទនេះ ៖
១. អាហារហឹរ និង អាហារផ្អាប់ ៖ មានមនុស្សស្រីជាច្រើនចូលចិត្តញ៉ាំអាហារប្រភេទនេះនៅពេលមករដូវ ប៉ុន្តែដែលដឹងទេថាអំឡុងពេលមានរដូវ ប្រព័ន្ធរំលាយអាហារនឹងមានការប្រែប្រួលដោយអរម៉ូន Prostaglandin ដែលបណ្តាលឱ្យសាច់ដុំនៃពោះវៀនរួមតូច អាចបណ្តាលឱ្យឈឺពោះ មានខ្យល់ក្នុងពោះ ហើយពោះ ឬ រាករូសបាន ។ ការញ៉ាំអាហារប្រភេទនេះនៅពេលមករដូវងាយនឹងឈឺពោះ និង រាករូសច្រើនជាងពេលជាធម្មតា ។
២. ប្រភេទអាហារកែច្នៃ (Processed Foods) ៖ នេះជាអាហារមួយប្រភេទងាយស្រួលក្នុងការចម្អិន និង ឆាប់រហ័ស ប៉ុន្តែវាអាចធ្វើឲ្យអាការរបស់អ្នកកាន់តែយ៉ាប់ ។ ជាក់ស្ដែងពពួកអាហារកំប៉ុង មី មានផ្ទុកសារធាតុសូដ្យូមក្នុងបរិមាណច្រើន សុទ្ធតែជាប្រភេទអាហារដែលអាចបណ្តាលឱ្យស្ត្រីជួបបញ្ហាឈឺចុកចាប់ ប៉ះពាល់ដល់អារម្មណ៍ ហើមពោះ ពិសេសអាចបណ្ដាលឲ្យឈឺពោះពេលមករដូវកាន់តែខ្លាំងផងដែរ ។
៣. អាហារមានជាតិខ្លាញ់ខ្ពស់ ឬ សាច់ជាប់ខ្លាញ់ច្រើន ៖ នៅពេលមករដូវអ្នកគួរតែព្យាយាមជៀសវាងការញ៉ាំអាហារប្រភេទនេះ ព្រោះវាពិបាករំលាយ ជាពិសេសខ្លាញ់ពីសាច់សត្វជាប្រភេទខ្លាញ់មិនល្អ ។ អាហារដែលមានជាតិខ្លាញ់ខ្ពស់ ក្រៅពីធ្វើឲ្យធាត់ហើយ ក៏អាចបង្កផលប៉ះពាល់ដល់អ័រម៉ូន បណ្តាលឲ្យអ្នកឈឺចុកចាប់ក្នុងពោះ មានអារម្មណ៍ថាហើម ឬ ឆ្អល់ ជាដើម ហើយវាក៏អាចធ្វើឲ្យស្បែករបស់អ្នកកាន់តែស្ងួត គ្មានសំណើមទៀត ។
៤. ជាតិកាហ្វេអ៊ីន និង គ្រឿងស្រវឹង ៖ អ្នកដឹងទេថាជាតិកាហ្វេអ៊ីន និង គ្រឿងស្រវឹងគឺជាកត្តាចម្បងដែលបណ្ដាលឱ្យការឈឺពោះពេលមករដូវកាន់តែខ្លាំងជាងមុន ។ កាហ្វេអ៊ីន និង គ្រឿងស្រវឹងនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរថែមទៀតធ្វើឱ្យមិនស្រួលខ្លួន អស់កម្លាំង ថែមទាំងធ្វើឱ្យអារម្មណ៍មានការប្រែប្រួលបានងាយ ។ ការញ៉ាំគ្រឿងស្រវឹងច្រើនធ្វើឱ្យចង្វាក់បេះដូងលោតញាប់ជាងមុន ឆាប់ហត់ និង បរិមាណឈាមរដូវច្រើនជាងមុន ។ ដូច្នេះមុន និង អំឡុងពេលមករដូវគួរតែជៀសវាងសិន ប្រសិនជាមិនអាចទប់ចិត្តបានគួរតែកាត់បន្ថយបរិមាណនៃការញ៉ាំ ៕