កោះមួយនៅកំពត ទេសភាពស្អាតកប់មិនចាញ់ស្រុកគេ ជិះចេញពីរង្វង់មូលទុរេន ត្រឹមមួយដង្ហើមដល់
ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ខេត្តកំពត ជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប មានទាំងតំបន់ភ្នំ តំបន់ទឹកប្រៃ តំបន់ទឹកសាប ប្រកបទៅដោយទស្សនីយភាពស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរ ឱ្យចង់ទៅទស្សនាកម្សាន្ត ក្រោយសម្រាកពីការងារថ្ងៃចុងសប្ដាហ៍ ក៏ដូចជាក្រោយពីស្រាកស្រាន្តពីការរាតត្បាតជំងឺកូវីដ-១៩ ។
ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវ រមណីយដ្ឋានទេសចរណ៍មួយបែប ក្នុងខេត្តកំពត ដែលថ្មីៗនេះមហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាចាប់អារម្មណ៍ជាខ្លាំង ដែលនៅទីនោះត្រូវបានគេស្គាល់ថា រមណីយដ្ឋាន «កោះដំបូង» ។
ស្ថិតនៅសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត មានចម្ងាយប្រមាណជា ០៨ គីឡូម៉ែត្រ ពីរង្វង់មូលធូរេន «កោះដំបូង» មានឆ្នេរខ្សាច់សក្បុស ប្របជាត់មាត់ឆ្នេរនៃផ្ទៃសមុទ្រ ដែលលាតសន្ធឹងធំល្វឹងល្វើយ អាចឱ្យភ្ញៀវទេសចរ លេងទឹក ឬ ហែលទឹក ជិះទូកលេង ជិះម៉ូតូទឹក និង បោះតង់អាំងភ្លើងនៅលើឆ្នេរខ្សាច់យ៉ាងមានក្ដីសុខ ។
មិនតែប៉ុណ្ណោះ នៅទីនោះប្រិយមិត្តក៏អាចអង្គុយគយគន់ថ្ងៃលិចបាំងកំពូលភ្នំ និង ថតរូបកម្សាន្តនៅតាមមាត់ឆ្នេរ ដែលមានការរៀបចំយ៉ាងស្រស់ស្អាត ប្រៀបដូចឋានសួគ៌ាល័យ ជាមួយនឹងខ្យល់ជំនោរត្រជាក់ស្រេង ធ្វើឱ្យអ្នកដែលបានទៅទីនោះ ទទួលបាននូវអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយ រសាយអស់នូវរាល់ទុក្ខកង្វល់ ។
គួរឱ្យដឹងផងដែរថា សម្រាប់ការធ្វើដំណើរគឺមានភាពងាយស្រួល ព្រោះមិនមានការធ្វើដំណើរថ្មើរជើង និង ធ្វើដំណើរឆ្លងទឹក ឬ ក៏ជិះទូកឡើយ ខណៈចំណតរថយន្ត ភ្ញៀវទេសចរ អាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបាន ។ ដោយឡែកសម្រាប់កន្លែងអង្គុយលម្ហែកាយវិញ រមណីយដ្ឋានកោះដំបូង កំពត គឺពុំទាន់មានកញ្ចុះ ឬក៏តូបសម្រាប់ទទួលភ្ញៀវទេសចរនៅឡើយទេ ហើយមានតែបឹងហ្គាឡូ និង សណ្ឋាគារ ពុំមានផ្ទះសំណាក់នោះឡើយ ៕