ញ៉ាំខាត់ណាសឹងរាល់ថ្ងៃ អត់ធ្លាប់ដឹងថាផ្ដល់ប្រយោជន៍ច្រើនសន្ធឹកសន្ធាប់បែបនេះសោះ
យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា ខាត់ណាគឺជាបន្លែមួយប្រភេទនៅក្នុងពពួកបន្លែជាច្រើនដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកទទួលទានវា ។ អត្ថប្រយោជន៍របស់វាមានដូចជា ៖
ជួយដល់សរសៃប្រសាទភ្នែក៖ ខាត់ណាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និង វីតាមីន A ច្រើន ។ វីតាមីន A គឺជាវីតាមីនដែលជួយបំប៉នដល់ភ្នែក ជាពិសេសទាក់ទងទៅនឹងសរសៃប្រសាទភ្នែក ហើយថែមទាំងមាន lutein ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយរហូតដល់ ២០% ។
ជួយបំប៉នស្បែកឱ្យសរលោង៖ ដោយសារតែខាត់ណាមានផ្ទុកសារជាតិ lutein ដែលជាសារជាតិមួយជួយជម្រុញការផលិតកូឡាជែននៅក្នុងកោសិកាស្បែក ធ្វើឱ្យស្បែកសរលោង និង បំបាត់ស្នាម ។ ហើយវាក៏ផ្ទុកវីតាមីន C ដែលជួយបង្កើនសំណើមដល់ស្បែកផងដែរ ។
ពង្រឹងឆ្អឹងឱ្យរឹងមាំ៖ ខាត់ណាសម្បូរជាតិកាល់ស្យូមណាស់ ដូច្នេះទើបវាមានសមត្ថភាពជួយពង្រឹងឆ្អឹងឱ្យរឹងមាំង ។ អាចនិយាយបានថាខាត់ណាអាចជំនួសការញ៉ាំទឹកដោះគោក៏ថាបាន ព្រោះវាមានកាល់ស្យូមខ្ពស់ប្រហាក់ប្រហែលនឹងទឹកដោះគោដែរ ។
ជួយដល់ឈាម និង ការពារភាពស្លេកសាំង៖ ជាតិ Folic និង ជាតិដែក គឺជាសារជាតិចិញ្ចឹមដែលសម្បូរនៅក្នុងខាត់ណា សារធាតុទាំង ២ នេះជាសារជាតិចាំបាច់សម្រាប់ការបង្កើតកោសិកាឈាមក្រហម ដូច្នេះអាចញ៉ាំវាដើម្បីការពារភាពស្លេកស្លាំងបាន ។
ជួយទៅដល់ការបន្ទោបង់៖ ខាត់ណា គឺជាបន្លែមួយប្រភេទដែលមានជាតិសរសៃខ្ពស់បំផុត ដែលជាតិសរសៃមួយនេះជួយសម្រួលទៅដល់ការបន្ទោបង់ ។
ជួយដល់ប្រព័ន្ធភាពស៊ាំ៖ ខាត់ណាផ្តល់នូវកម្រិតវីតាមីន A ខ្ពស់ដល់រាងកាយ ហើយក៏ភ្ជាប់មកជាមួយវីតាមីន C ផងដែរ ដូច្នេះខាត់ណាត្រូវបានគេចាត់ទុកថាជាបន្លែមួយប្រភេទដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យ និង ជួយឱ្យរាងកាយរឹងមាំង ។
កាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ វីតាមីន A និង សារធាតុប្រឆាំងអុកស៊ីតកម្មដែលសម្បូរក្នុងខាត់ណាជួយប្រឆាំងនឹងកោសិកាមហារីកដូចជា មហារីកក្រពះ មហារីកតម្រងនោម មហារីកពោះវៀនធំ មហារីកសួត ជាដើម ។
ក្រៅពីខាត់ណា គឺជាបន្លែដែលផ្តល់នូវសារធាតុចិញ្ចឹមដល់រាងកាយខ្ពស់ហើយនោះ វាក៏ជួយបំប៉ន និង ថែរក្សាសុខភាពគ្រប់ផ្នែកទាំងអស់នៃរាងកាយផងដែរ ។ ដោយសារតែខាត់ណាគឺជាបន្លែដែលអាចមានជាប់នៅសារធាតុគីពីពីការដាំច្រើន ដូច្នេះយកល្អគួរតែយកចិត្តទុកដាក់ក្នុងការលាងសម្អាតឱ្យបានស្អាតល្អជាមុនសិន ៕