សេង មង្គល ចូលចិត្តបង្អួតរាងពេកដល់ថ្នាក់គេថាចេក តែលោកធ្លាប់តបទៅវិញមួយឆ្ងាញ់
តារាសម្ដែងប្រុសរូបសង្ហា សេង មង្គល កន្លងមកតែងតែធ្វើឱ្យមហាជន ពិសេសអ្នកគាំទ្រដែលជាសុភាពនារីៗឈ្លក់វង្វេងនូវរូបរាងមាំៗរបស់លោក នៅពេលប្រុសស្អាតរូបនេះ ប្រលែងខ្លួនទទេថតរូបបង្ហោះលើបណ្ដាញសង្គមម្ដងៗ ។
អាចនិយាយបានថាមិនមែនរាល់ថ្ងៃ តែក៏ញឹកញាប់ខ្លាំងណាស់ដែលតារាសម្ដែង សេង មង្គល ចូលចិត្តដោះអាវបញ្ចេញសាច់ដុំកង់ៗ ហាប់ណែន បង្ហាញឱ្យឃើញពីដងខ្លួនមាំទាំជាសុភាពបុរស ជាមួយសាច់ឈាមក៏សខ្ចីមិនចាញ់មនុស្សស្រី ធ្វើឱ្យនារីៗជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍របស់លោក ។
យ៉ាងណាមិញ មិនមែននៅសុខៗ សេង មង្គល ចេះតែថតដោះអាវសម្ញែងរាងចង់អួតគេឯងថាលោកជាប្រុសស្អាត សង្ហា មានសាច់ដុំមាំៗ ដើម្បីបង្អួតភ្នែកមហាជននោះទេ តែតារាសម្ដែងប្រុសខាងលើបានបកស្រាយច្បាស់ៗពីមូលហេតុដែលកន្លងមកលោកឧស្សាហ៍បង្ហោះរូបសម្ញែងរាងញឹកបែបនេះ ។
សេង មង្គល ធ្លាប់បានរៀបរាប់ថា ៖ «ភាគច្រើននៃអ្នកស្រឡាញ់ការហាត់ប្រាណចូលចិត្តថតរូបបញ្ចេញរាង មិនថាបុរស ឬ នារីនោះទេ ក៏ព្រោះតែគេស្រឡាញ់នូវអ្វីដែលគេបានខិតខំ ហើយក្នុងនោះក៏មានខ្ញុំម្នាក់ដែរ»។
លើសពីនេះ សេង មង្គល ក៏បានផ្ដាំទៅមនុស្សចូលចិត្តគិតអវិជ្ជមានមួយចំនួនទៀតថា ៖ «ហើយចំពោះបុគ្គលដែលមើលឃើញគេតែផ្លូវអវិជ្ជមាន ល្មមរៀនយល់ពីការស្រឡាញ់រាងរបស់គេផង ទៅកុំឱ្យតែឃើញក្បាលពោះគេមានកង់ៗក៏គិតថាគេចេកចេះចេកចុះ ខ្ញុំមិនហាមមិនឱ្យនិយាយទេគ្រាន់តែថាមនុស្សមិនដូចគ្នាទាំងអស់ទេ #ចេកជាមួយម្នាក់នេះប្រយ័ត្នស៊យខ្លួនអានាង»៕