មិនគួរឱ្យជឿមែន! គ្រាផ្តើមស្នេហ៍រវាង Chompoo និង ស្វាមី កើតចេញពីរឿងរ៉ាវចៃដន្យទាំងអស់
មានមហាជនមិនតិចទេដែលកោតសរសើរពីជីវិត និង ភ័ព្វសំណាងរបស់កំពូលតារាសម្ដែងស្រីថៃនាង Chompoo Araya ដែលមិនត្រឹមតែជោគជ័យខ្លាំងលើជីវិតសិល្បៈប៉ុណ្ណោះទេ ប៉ុន្ដែនាងក៏មានគ្រួសារមួយយ៉ាងមានសុភមង្គល បន្ទាប់ពីបានរៀបការជាមួយលោក Nott Visrut ជាសេដ្ឋីវាល់លាន និង ថែមទាំងទទួលបានចំណងដៃកូនប្រុសភ្លោះឆ្លាតវាងវៃគួរឱ្យស្រឡាញ់ដល់ទៅ ២ នាក់ទៀតនោះ ។
អ្វីដែលកាន់តែធ្វើឱ្យប្រិយមិត្តនិយមគាំទ្រពួកគេមានចម្ងល់នោះ គឺមុនឈានដល់ការរៀបការមានកូន តើពីដើមឡើយពួកគេមានទំនាក់ទំនងស្នេហាបែបណាខ្លះ ? មិនលាក់ទេ អ្វីៗគ្រប់យ៉ាងនឹងលាតត្រដាងនៅថ្ងៃនេះ ដោយយើងនឹងលើកបង្ហាញពីដើមចម ដែលនាំឱ្យតារាស្រីរូបនេះបានជួបស្នេហ៍ជាមួយនឹងលោក Nott Visrut ជាសេដ្ឋីវាល់លាននោះ ។
ជាការពិតមុនឈានដល់ការចាប់ដៃស្វាមីជាជីវិតគូ នាង Chompoo Araya ធ្លាប់បានបង្ហើបក្នុងបទសម្ភាសមួយ ដោយនាងបាននិយាយថា «ដំបូងឡើយនាង និង ស្វាមីមិនដែលស្គាល់គ្នានោះទេ តែស្វាមីនាងបានស្គាល់ជាមួយអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់នាង ដែលមានឈ្មោះ Wan Jeap ហើយមានពេលមួយអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់នាងក៏បានយករូបនាងឱ្យស្វាមីនាងមើល ពេលនោះស្វាមីនាងហាក់បីដូចជាពេញចិត្តនឹងរូបនាងដែរ ក៏ស្រាវជ្រាវរឿងនាងសម្តែងដើម្បីស្គាល់នាងកាន់តែច្បាស់ ។ មានពេលមួយទៀតនោះ នាង និង Nott ជាស្វាមី បានជួបគ្នាគឺនៅថ្ងៃកំណើតរបស់មិត្តភក្តិ ចាប់ពីពេលនោះមក Nott ស្វាមីតែងតែខលមកនិយាយគ្នា រហូតសម្រេចចិត្តមើលចិត្តគ្នាតែម្តង ចុងក្រោយពួកគេក៏កាន់ដៃគ្នាចូលរោងការយ៉ាងពេញមុខពេញមាត់» ។
តាមរយៈការរៀបរាប់តារាស្រី Chompoo Araya ខាងលើ អាចបញ្ជាក់បានថា ស្នេហារបស់នាង និង ស្វាមី គឺបានកើតឡើងដោយចៃដន្យផង និង អាចជាការរៀបចំផងក៏ថាបាន ។ ទោះជាយ៉ាងនេះក្តី ក្រោយការទម្លាយពីគ្រាផ្តើមស្នេហ៍ដំបូងនេះដែរ មហាជនជាច្រើនញញឹមបិទមាត់មិនជិតឡើយ ក្នុងនោះក៏ថែមទាំងបានជូនពរគូស្នេហ៍នេះ ស្រឡាញ់កាន់តែខ្លាំង និង គ្រួសារមានសុភមង្គលផងដែរ ៕