បន្ទាន់! រកឃើញ អ្នកផ្ទុកកូវីដ-១៩ បម្លែងថ្មី B.1.617 លើពលករ ៣ រូបមកពីថៃ
នៅយប់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រឹសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ឱ្យបានដឹងថា នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត Sequencing រកឃើញមានអ្នកផ្ទុក មេរោគកូវីដ-១៩ ដែលជាប្រភេទវីរុសបម្លែងថ្មី B.1.617 លើអ្នកជំងឺចំនួន ៣ រូប ដែលជាពលករកម្ពុជាត្រឡប់មក ពីប្រទេសថៃ តាមច្រកអូស្មាច់ ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖
១. ភេទស្រី អាយុ ២៧ ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ
២. ភេទប្រុស អាយុ ៤៦ ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង
៣. ភេទស្រី អាយុ ៤៣ ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមោងឬស្សី ខេត្តបាត់ដំបង ។
សូមកត់សម្គាល់ផងដែរថា រហូតមកដល់ពេលនេះ វីរុសបម្លែងថ្មី ប្រភេទ B.1.617 ដែលពិភពលោកមានការព្រួយ បារម្ភខ្លាំង ត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន ៧ ហើយ នៅក្នុងតំបន់អាស៊ាន (ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសឹង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា ) និងបណ្តាប្រទេសមួយចំនួនទៀតលើពិភពលោក ។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានធ្វើការណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្តដែលពាក់ព័ន្ធ ក៏ដូចជាទៅគ្រប់មន្ទីរសុខាភិបាលទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ប្រតិបត្តិ ស្តង់ដារបច្ចេកទេសការពារការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ ដោយដាក់អ្នកជំងឺឱ្យនៅដោយឡែកពីគ្នា និង បន្តការស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យ ឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀតនៅតាមទីតាំង ដែលមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖