ក្ដៅៗ! ទីបំផុតកញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចលើកលែងការចោទប្រកាន់ហើយ
កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី ពិធីការិនីទូរទស្សន៍ MY TV និង ជាអតីតបវរកញ្ញា Miss Grand Cambodia ត្រូវបានតុលាការចោទប្រកាន់ពីបទលួចមានស្ថានភាពទម្ងន់ទោស តាមរយៈការដាក់ពាក្យបណ្តឹងពី លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ ។
ជុំវិញរឿងនេះដែរ តាមរយៈលិខិតសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ តុលាការបានចេញសេចក្ដីសម្រេច ដោះលែងពិធីការិនីរូបនេះ និង សម្រេចលើលក្ខខណ្ឌផ្សេងៗដូចមានចែងខាងក្រោម ៖
១៖ លើកលែងការចោទប្រកាន់លើឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ ដែលមានអត្តសញ្ញាណដូចខាងលើពីបទ «លួចមានស្ថានភាពទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា» ប្រព្រឹត្តនៅចំណុចផ្លូវ ១៣៨ កែងផ្លូវ ២៥៩ ស្ថិតនៅក្រុម ២៨ ភូមិ ១០ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបទល្មើសព្រហ្មទណ្ឌ និង ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និង មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។
២៖ សម្រេចលើវត្ថុចាប់យកដូចខាងក្រោម៖
២.១៖ ប្រគល់នូវទូរស័ព្ទ ១ គ្រឿង ម៉ាក iPhone 12 pro Max ពណ៌ទឹកមាស បែកអេក្រង់ (មិនប្រក្រតី) ឱ្យទៅម្ចាស់ដើមវិញឈ្មោះ ហេង សៀ ដូចមានក្នុងកំណត់ហេតុទទួលវត្ថុចាប់យកលេខ ៩០០ រវត ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ របស់សាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
២.២៖ ប្រគល់នូវទូរស័ព្ទ ១ គ្រឿងម៉ាក iPhone Pro Max ពណ៌ខ្មៅ បែកអេក្រង់ ឱ្យទៅម្ចាស់ដើមវិញឈ្មោះ មាន ពេជ្ររីតា ។
២.៣៖ រឹបអូសនូវកូនកាំបិតចុងស្រួច ដងខ្មៅ ចំនួន ១ ដើម ដូចមានក្នុងកំណត់ហេតុ ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
ប្រភព ៖ Fresh News