ចែកគ្នាដឹង! គ្រូពេទ្យបញ្ជាក់ច្បាស់ៗកុំឱ្យយល់ច្រឡំថា កើតជំងឺផ្ដាសាយធម្មតា ក៏តេស្តឃើញវិជ្ជមានកូវីដ
មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញមានមហាជនមួយចំនួនតូច បាននិយាយតៗគ្នាអំពីបញ្ហាយល់ច្រឡំថា ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ សូម្បីតែផ្ដាសាយ ក៏តេស្តទៅរកឃើញវិជ្ជមានកូវីដដែរ ។
ជុំវិញរឿងនេះ តាមរយៈវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានលើកឡើងឱ្យដឹងថា ការយល់បែបនេះគឺជាការយល់ច្រឡំខុសទាំងស្រុង ពោលគឺអ្នកផ្ដាសាយធម្មតា មិនអាចតេស្តឃើញវិជ្ជមានកូវីដ លើឧបករណ៍តេស្តរហ័សបានឡើយ ព្រោះជំងឺផ្តាសាយបង្កដោយវីរុសប្រភេទផ្សេងដូចជា rhinovirus , adenovirus , influenza ជាដើម ចំណែកឯជំងឺកូវីដ-១៩ គឺបង្កដោយវីរុសកូរូណា (coronavirus) ។
បន្ថែមលើសពីនេះ អ្នកជំនាញខាងលើ បានបញ្ជាក់ច្បាស់ៗ ពីលក្ខណៈពិសេសនៃឧបករណ៍តេស្តរហ័សរកមេរោគកូវីដ Rapid Antigen test COVID-19 ថា ៖
១. ជាប្រភេទតេស្តមើលមេរោគកូវីដ ( Antigen) រហ័ស ពោលគឺលទ្ធផល ត្រូវការរយៈពេលតែ ១៥ នាទី ( ប្រសិទ្ធភាពតេស្តនេះប្រហាក់ប្រហែល ៩៥ % ) ។
២. ងាយស្រួលធ្វើ អាចធ្វើដោយខ្លួនឯង ដោយត្បាររន្ធច្រមុះ ( nasopharyngeal or nasal swab specimens )ជម្រៅ ២ សង់ទីម៉ែត ដោយបង្វិល ៥ ជុំ ។
៣. ប្រសិទ្ធភាពខ្ពស់ ( sensitivity ) ប៉ុន្តែទាបជាងមើលសំណាក PCR test ( RT- PCR test ) ។
ប្រសិទ្ធភាពចាប់រកមេរោគឃើញច្បាស់ល្អ ភាគច្រើននៅពេលមានរោគសញ្ញា ( ក្អក ផ្តាសាយ ឈឺបំពង់ក ក្តៅខ្លួន… ) ពោលគឺចាប់ចន្លោះថ្ងៃទី ៥ ទៅថ្ងៃទី៩ ក្រោយពីឆ្លង ( ដំណាក់មេរោគមានច្រើននៅក្នុងសំណាក ) ។
៤. តេស្តនេះគេប្រើប្រាស់ក្នុងការផ្ទុះរាលដាលក្នុងសហគមន៍ជាប្រភេទប្រមូលផ្តុំ ( outbreak settings ) ដើម្បីស្រាវជ្រាវ បែងចែក ញែកអ្នកដែលវិជ្ជមានឱ្យបានឆាប់ ប៉ុន្តែទោះជាអ្នកវិជ្ជមាន ឬ អវិជ្ជមានក៏ដោយក៏ត្រូវមើលសំណាក PCR test បន្ថែមបញ្ជាក់ទៀត ប្រសិនបើមានករណីសង្ស័យ ឬ មានរោគសញ្ញា ឬ ស្ថិតក្នុងតំបន់ប្រឈមខ្ពស់ ( Serial screening in congregate settings ) ។
ដោយឡែកចំពោះចំណុចខ្សោយរបស់វាគឺ ៖
១. ចាប់មេរោគមិនឃើញមុនពេលអ្នកជំងឺស្តែងចេញរោគសញ្ញា ( asymptomatic phase ) ពោលគឺមុនថ្ងៃទី ៣ នៃការឆ្លង ។
២. តេស្តនេះនឹងអវិជ្ជមាននៅពេលមេរោគក្នុងសំណាកចុះទាប ( low virus ) ចាប់ពីថ្ងៃទី ១១ តទៅ ហើយដំណាក់កាលនេះ កម្រិតនៃការឆ្លងក៏ថមថយចុះផងដែរ ជាតំណាក់កាលលែងមានការគំរាមកំហែងនៃការឆ្លងទៀតហើយ ( no longer threat ) ៕
ដកស្រង់ ៖ វេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង