ល្បីថាបែកបាក់គ្នា តែលើកនេះ សឿ សុធារ៉ា ហៅស្វាមី ឡើងផ្អែម ត្រជាក់ដល់បេះដូង
កន្លងទៅនេះ មហាជនអ្នកគាំទ្រប្រាកដជាបានដឹងខ្លះៗមកហើយពីរឿងរ៉ាវស្នេហ៍ស្រពិចស្រពិលរវាងអ្នកនាង សឿ សុធារ៉ា និង លោក សាពូន មីដាដា ដែលជាប្តីប្រពន្ធនឹងគ្នានោះ ដោយជារឿយៗគេឃើញអ្នកនាង សឿ សុធារ៉ា តែងតែបង្ហោះសារប្លែកៗហាក់ចង់បង្ហាញឱ្យមហាជនបានដឹងថានាង និង ប្តី បានឈានដល់ផ្លូវស្នេហ៍បែកបាក់ ។
គេនៅចាំបានថា កាលពីមួយរយៈមុនតារាសម្តែង សឿ សុធារ៉ា បានបង្ហោះសារធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំងបំផុត ដោយនាងបានបញ្ជាក់ថាសុំរៀបការពីរដងក្នុងមួយឆាកជីវិត ហើយបើសិនជាលើកទី ២ នេះនៅតែបរាជ័យទៀត បេះដូងនាងគ្មានកន្លែងសម្រាប់ទទួលយកស្នេហាទៀតនោះទេ ។ បន្ទាប់ពីការបង្ហោះសារមួយនោះមិនបានប៉ុន្មានផង គេកត់សម្គាល់ឃើញតារាសម្តែង សឿ សុធារ៉ា បានបង្ហោះសារប្លែកៗផ្សេងទៀត ដោយថា «មានអារម្មណ៍ថាគេក្បត់ខ្ញុំ» ជាដើម ។
រាល់ការបង្ហោះទាំងអស់នោះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តក្នុងចង្កោមសិល្បៈនឹកសង្ស័យពីទំនាក់ទំនងស្នេហ៍ប្តីប្រពន្ធរបស់តារាសម្តែង សឿ សុធារ៉ា និង លោក សាពូន មីដាដា ថាអាចនឹងឈានដល់បែកបាក់គ្នាមិនខាន បើទោះបីជាកន្លងមកនេះមិនទាន់មានភាគីណាមួយចេញមកមកបញ្ជាក់ការពិតក្តី ។
យ៉ាងណាមិញ អ្វីៗហាក់ដូចជាក្រឡាប់ផ្កាប់ផ្ញារទៅវិញ បន្ទាប់ពីអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារមួយផ្សេងទៀតកាលពីថ្មីៗកន្លងទៅនេះ ដោយក្នុងអត្ថន័យសារនោះ តារាសម្តែងមានកូនពីររូបនេះ បានសរសេររៀបរាប់ថា «ខំតែចាំតាំងពីថ្ងៃ ឥឡូវល្ងាចហេីយទេីបតែមកយកអូន បុិនណាស់លោកប្តី Sapoun Midada» ។
ស្របគ្នានឹងសារថ្មីដែលតារាស្រី សឿ សុធារ៉ា បានបង្ហោះនេះដែរ គេបានសង្កេតឃើញមានអ្នកគាំទ្រជាច្រើនបានចូលខមមិន ដោយមានទាំងក្តីអបអរ និង សប្បាយចិត្តដល់តារាស្រីរូបនេះ ដែលមើលទៅជីវិតគ្រួសាររបស់នាងហាក់បានវិលមកសភាពដើមធម្មតាវិញ តាមរយៈការប្រើពាក្យហៅលោក សាពូន មីដាដា ថាលោកប្តីពេញៗមាត់នោះ ។ យ៉ាងណាមិញ ចំពោះទំនាក់ទំនងប្តីប្រពន្ធអ្នកសិល្បៈគូនេះទៅជាយ៉ាងណាវិញនោះ ក៏គេនៅមិនទាន់ច្បាស់លាស់នៅឡើយដែរ មកទល់នឹងបច្ចុប្បន្ននេះ ៕