វ៉ាវ! តារាចម្រៀង Olivia Rodrigo ត្រូវប្រធានាធិបតីអាមេរិក អញ្ជើញចូលក្នុងសេតវិមាន ដើម្បីធ្វើរឿងនេះ
កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងស្រីអាមេរិក Olivia Rodrigo បានមានកិត្តិយសចូលជួបថ្លែងសុន្ទរកថា ក្នុងសេតវិមាន ដោយមានការអញ្ជើញពីប្រធានាធិបតី លោក Joe Biden ក្នុងគោលបំណងរៀបចំផែនការផ្សព្វផ្សាយក្នុងការជំរុញឱ្យយុវជនអាមេរិក មកទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។
តារាចម្រៀងវ័យ ១៨ ឆ្នាំរូបនេះ បានធ្វើឱ្យអ្នកគាំទ្រកោតសរសើរចំពោះនាងជាខ្លាំង ដែលបានក្លាយជាតារាស្រីត្រូវបានជ្រើសរើសដោយប្រធានាធិបតីផ្ទាល់ ដើម្បីផ្ញើសារជាសំឡេងអំពាវនាវដល់យុវជនឱ្យចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺរាតត្បាតដ៏សាហាវមួយនេះ។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថា តារាចម្រៀងស្រីវ័យក្មេងរូបនេះ តែងតែបញ្ចេញស្នាមញញឹមដ៏ស្រស់ស្រាយ និង កាយវិការប្រកបដោយទំនុកចិត្ត ទេពកោសល្យ ជាមួយនឹងទឹកចិត្តដ៏កក់ក្តៅរបស់នាង ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតចាប់អារម្មណ៍ និង ផ្ទុះការសរសើរមិនដាច់ទៅលើរូបនាង។
នេះបើតាមការឱ្យដឹង នៅសហរដ្ឋអាមេរិក អត្រាការចាក់វ៉ាក់សាំងក្នុងចំណោមមនុស្សវ័យក្មេង នៅមានកម្រិតទាបគួរឱ្យកត់សម្គាល់ ដែលបង្កជាការលំបាកដល់រដ្ឋាភិបាល ក្នុងការជំរុញគោលដៅនៃការចាក់វ៉ាក់សាំង។ បើយោងតាមរបាយការណ៍ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ពីមជ្ឈមណ្ឌលត្រួតពិនិត្យ និង ការពារជំងឺ របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ជនជាតិអាមេរិកមានអាយុចាប់ពី ១៨ ទៅ ២៩ ឆ្នាំ ប្រមាណ ៣៨ ភាគរយប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់។
ដូច្នេះ ប្រធានាធិបតីបានសម្រេចជ្រើសរើស Olivia Rodrigo ដែលជាតារាចម្រៀងស្រីវ័យក្មេងមួយរូប ដែលមានភាពល្បីល្បាញ និង មានក្រុមគាំទ្រច្រើន ធ្វើជាតារាតំណែងក្នុងការផ្សព្វផ្សាយជំរុញឱ្យមនុស្សវ័យប្រហាក់ប្រហែលនាង មកទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩៕
ប្រភព៖ BBC