ក្រោយប្រកាសចេញពីសិល្បៈក្ដែងៗហើយមហាជនរិះគន់ខ្លាំង ស្រាប់តែ ខ្ញុង តបទៅវិញផាំងៗ បែបនេះ (វីដេអូ)
ប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្ដាញសង្គម បន្ទាន់ពីនៅសុខៗស្រាប់តែ តារាកំប្លែងល្បីឈ្មោះ នាងខ្ញុង បានចេញមកឡាយក្នុងគណនីហ្វេសប៊ុករបស់ខ្លួនក្ដែងៗថា នាងនឹងចេញពីសិល្បៈ ព្រមទាំងចោទជាសំណួរទៅកាន់មហាជនវិញថា ប្រសិនបើនាង ចេញពីសិល្បៈតើមហាជនអាចស្រឡាញ់នាងដូចដើមទេ?
ជុំវិញបញ្ហាដែលនាង ខ្ញុង និយាយថាខ្លួនចេញពីសិល្បៈនេះ បានធ្វើឱ្យអ្នកគាំទ្រមានការការងឿងឆ្ងល់យ៉ាងខ្លាំង ទោះបីជាពួកគេទទូចសួរប៉ុណ្ណាក៏តារាកំប្លែងនាង ខ្ញុង មិនព្រមនិយាយបកស្រាយឱ្យច្បាស់លាស់ទេ ដែលរឿងនេះដែរ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនសោកស្តាយយ៉ាងខ្លាំង ដោយហេតុថានាងជាតារាកំប្លែងម្នាក់ដែលតែងនាំស្នាមញញឹម និង ភាពរីករាយជូនមហាជនមករហូត ហើយបើនាងឈប់មែននោះ ពិតជាគួរឱ្យស្ដាយខ្លាំងណាស់។
ដោយឡែក កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ស្រាប់តែតារាកំប្លែងនាងខ្ញុង បានចេញមុខបកស្រាយតាមរយៈបទសម្ភាសមួយ ដោយក្នុងនោះ នាងបាននិយាយថានាង ពុំបានចង់ឈប់ពីវិស័យសិល្បៈនោះទេ ដោយអ្នកនាង គ្រាន់តែចង់បញ្ចប់កុងត្រាជាមួយនឹងស្ថានីយទូរទស្សន៍ CTN តែប៉ុណ្ណោះ។
ជាមួយនឹងបំណង ដែលចង់ឈប់នេះ អ្នកនាង បានបញ្ជាក់ប្រាប់ថា ដោយសារតែមានភាពមមាញឹកជាមួយនឹងជីវិតផ្ទាល់ខ្លួន និង ត្រូវមើលថែកូន ព្រមទាំងគ្រួសាររបស់អ្នកនាង ព្រោះមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការបំពេញការងារ។
លើសពីនេះ អ្នកនាង គ្រាន់តែមិនចង់ធ្វើការយកតែប្រាក់ខែ ខណៈដែលនាងមិនអាចបំពេញការងារបានល្អ ដូចនេះ អ្នកនាង ចង់បញ្ចប់កុងត្រាជាមួយនឹងស្ថានីយទូរទស្សន៍ខាងលើនេះ ប៉ុន្តែចំពោះការងារសិល្បៈផ្សេងៗទៀត គឺនៅតែបន្តទទួលដដែល។
ទន្ទឹមនឹងការចេញមុខ បកស្រាយនេះ ពិតជាបានធ្វើឱ្យមហាជនមួយចំនួន មិនពេញចិត្តឡើយ ហើយក៏ផ្ទុះការរិះគន់យ៉ាងខ្លាំងទៅកាន់នាងពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយថា ខ្ញុងជាមនុស្សនិយាយមិនពិត ចង់ល្បី ជាដើម។ មិនត្រឹមប៉ុណ្ណោះ ពួកគេថែមទាំងថា តារាកំប្លែងរូបនេះ ភ្លេចកំណើត ដៀលនាង ថាជាអំពិលដុះចេញពីអាចម៌ ក្រពើវង្វេងបឹង ទៀតផង។
យ៉ាងណាមិញ ស្របពេលឃើញការរិះគន់តាមរយៈខំមិនយ៉ាងច្រើនហាក់សម្ដែងការមើលងាយដល់នាងបែបនេះ តារាកំប្លែងនាងខ្ញុង ក៏បានចេញមុខមកឡាយតបទៅវិញ ផាំងៗថា នាងមិនមែនជាមនុស្សភ្លេចកំណើតឡើយ នាងជាមនុស្សកើតក្នុងត្រកូលក្រីក្រ តែដោយសារការតស៊ូបានធ្វើឱ្យនាងមានមុខមានមាត់ដូចសព្វថ្ងៃនេះ ។
ជាមួយគ្នានោះ នាងបានផ្ដាំទៅអ្នកដែលខមមិនដៀលនាង សូមពិចារណាសម្ដីខ្លួនឡើងវិញ ព្រោះថាមនុស្សម្នាក់ៗ មានបញ្ហារៀងៗខ្លួន ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ ហើយនាងក៏មិនអាចទៅផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានដែរ។ បើមហាជនណាដាក់នាង ក្នុងបេះដូងនោះនាងក៏ដាក់ក្នុងបេះដូងដូចគ្នា តែបើមហាជនណាមិនដាក់នាងក្នុងបេះដូង នាងក៏មិនចាត់ទុកក្នុងបេះដូងដូចគ្នាដែរ៕