សំណាងណាស់! លោក អៀង ស៊ីធុល សម្រាកឈឺវះកាត់នៅអាមេរិករាប់ឆ្នាំ គឺបានកូនប្រុស និង កូនប្រសាស្រីរ៉ាប់រងមើលថែ
លោក អៀង ស៊ីធុល ដែលមហាជនខ្មែរស្គាល់ច្បាស់ជាតារាចម្រៀងជើងចាស់ និង សាស្ត្រាចារ្យផ្នែកសិល្បៈបុរាណ បានស្ងាត់បាត់វត្តមានពីពិភពសិល្បៈខ្មែរយូរមកហើយ ធ្វើឱ្យមហាជនងឿងឆ្ងល់ និង ចង់ដឹងសុខទុក្ខពីលោកយ៉ាងខ្លាំង ។
បើតាមការឱ្យដឹងកន្លងមកនេះ មូលហេតុដែលតារាសម្តែងជើងចាស់លោក អៀង ស៊ីធុល បាត់មុខឈឹងពីសិល្បៈបែបនេះ ត្រូវបានគេដឹងថាលោកធ្លាក់ខ្លួនឈឺធ្ងន់ដោយជំងឺបេះដូងញាំញីជាយូរមកហើយ ពោលគឺតាំងឆ្នាំ ២០០៧ មកម្ល៉េះ ហើយកន្លងមកលោកក៏ធ្លាប់ទទួលបានការព្យាបាលអស់ជាច្រើនដងផងដែរ ប៉ុន្តែហាក់មិនបានធូរស្រាល ។
ដោយសារតែជំងឺបេះដូងញាំញីខ្លាំង កាលពីកន្លងទៅនោះក្រុមគ្រួសាររបស់លោក ក៏បានសម្រេចចិត្តបញ្ជូនលោកទៅទទួលការព្យាបាល និង តាមដានជំងឺនៅឯទឹកដីសហរដ្ឋអាមេរិក ក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងប៊ូស្តុន បន្ទាប់ដន្លង ពិសេសគឺកូនប្រសាស្រីបានយកចិត្តទុកដាក់ និង ធានាឱ្យលោកទៅព្យាបាល ហើយចុងក្រោយនេះ គេបានឮដំណឹងថាលោកក៏ទទួលបានការវះកាត់ជាលក្ខណៈទ្រង់ទ្រាយធំមួយ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក ។
យ៉ាងណាមិញ ក្រោយការវះកាត់ដ៏ជោគជ័យពីក្រុមគ្រូពេទ្យ ពេលនេះដែរលោក អៀង ស៊ីធុល ក៏ហាក់មានស្ថានភាពល្អប្រសើរឡើងវិញខ្លះៗហើយ ប៉ុន្តែលោកនៅមិនទាន់អាចដើរបាននៅឡើយទេ ព្រោះការវះកាត់មានទំហំធំពេក ។
ជាមួយគ្នានឹងដំណឹងវះកាត់នេះដែរ បានធ្វើឱ្យអ្នកគាំទ្រ និង មហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ដោយមិននឹកស្មានថាលោកបានធ្លាក់ខ្លួនឈឺធ្ងន់បែបនេះ ។ យ៉ាងណាមិញ អ្នកគាំទ្រក៏បានជូនពរឱ្យលោកឆាប់បានធូរស្រាល និង ជាសះស្បើយឡើងវិញ ហើយឆាប់ត្រឡប់មកប្រទេសកំណើតវិញ ។
គួរឱ្យដឹងដែរថា បច្ចុប្បន្ននេះលោក អៀង ស៊ីធុល មានវ័យ ៦៣ ឆ្នាំហើយ ហើយដោយសារតែលោកមានជំងឺបេះដូងញាំញីខ្លួននោះ លោកបានស្ងប់ស្ងាត់ពីពិភពសិល្បៈរាប់ឆ្នាំ ៕