Bo Vanda ឆ្លើយតបផាំងៗមិនទុកស្អែក ក្រោយអ្នកគាំទ្រដៀលថាមិនចេះឈឺឆ្អាលរឿងសង្គម
បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសថៃនៅតែមិនទាន់ធូរស្បើយនោះ គេកត់សម្គាល់ឃើញមានមហាថៃ និង សិល្បករ ជាច្រើនបានចេញមកប្រតិកម្ម និង ប្រើប្រាស់សំឡេងរបស់ខ្លួនដើម្បី ទាមទារឱ្យរដ្ឋាភិបាលចុះចេញពីតំណែង និង រកវ៉ាក់សាំងល្អ មកចាក់ជូនប្រជាជនថៃដោយឥតគិតថ្លៃ។
ជាមួយគ្នានោះ ខណៈដែលឃើញប្រទេសជួបការលំបាក គេក៏ឃើញអ្នកសិល្បៈថៃចូលរួមបរិច្ចាគជួយប្រជាជន មិនថា គ្រឿងឧបភោគបរិភោគ និង ថវិកា ពោលគឺ ពួកគេជួយទៅតាមអ្វីដែលអាចជួយទៅបាន ។ ទន្ទឹមនឹងនោះ បើងាកទៅមើលតារាសម្ដែងស្រី នាង Bo Vanda ឯណោះវិញ ពេលដែលឃើញប្រជាជនជួបការលំបាក នាងក៏បានចេញចែកអាហារហូបចុកមួយចំនួនជូនទៅកាន់អ្នកក្រក្សត់ផងដែរ ។
រាល់ការចុះចែកអាហារ និង ជួយរបស់ តារាស្រី Bo Vanda ហាក់ពុំដែលបង្ហោះឱ្យមហាជនឃើញនោះទេ ព្រោះតែបែបនេះហើយបានជា Bo Vanda តែងត្រូវបានមហាជនថានាងជាតារាមិនព្រមខ្វាយខ្វល់ពីបញ្ហាសង្គម ។
ស្របពេលឃើញ រឿងរ៉ាវបែបនេះផ្ទុះឡើង Bo Vanda ក៏បានចេញមកនិយាយទៅកាន់អ្នកមហាជនដែលរិះគន់នាងថា «ខ្ញុំតែងតែគិតក្នុងចិត្តរហូតថា អ្វីដែលខ្ញុំមានដូចសព្វថ្ងៃនេះ មួយចំណែកធំ គឺទទួលបានពីមហាជនអ្នកគាំទ្រ។ សម្រាប់ថ្ងៃនេះ ខ្ញុំអាចមានកម្លាំងគ្រប់គ្រាន់ ដែលអាចនឹងជួយទៅកាន់បងប្អូនគ្រប់គ្នាបាន ទោះបីជាទឹកចិត្តបន្តិចបន្តួចក្ដី តែខ្ញុំគិតថាអ្វីដែលខ្ញុំបានធ្វើគឺជាអំពើល្អ ព្រោះវាកើតចេញពីទឹកចិត្តជួយពិតប្រាកដ»។
ខ្ញុំជឿថាបងប្អូនគ្រប់គ្នាសុទ្ធតែមានទឹកចិត្តចង់ជួយដូចគ្នា តែគ្រាន់តែរបៀបនៃការជួយនោះវាខុសគ្នាតែប៉ុណ្ណោះ ។ ម៉្យាងវិញទៀតអំពើល្អទាំងនោះធ្វើហើយក៏មិនចាំបាច់ដើរប្រាប់គេ ឬ បង្ហាញគេថាយើងធ្វើឡើយ ។ ជាមួយនោះ ខ្ញុំក៏សូមផ្ដាំទៅអ្នកដែលជេរ ប្រមាថខ្ញុំគួរតែឈប់ទៅ ។ ដរាបណាខ្ញុំនៅតែមានលទ្ធភាពខ្ញុំក៏នៅតែជួយបន្ត ហើយយើងនឹងឆ្លងកាត់ឧបសគ្គដ៏លំបាកនេះទាំងអស់គ្នា»។
គួរបញ្ជាក់ផងដែរថា កន្លងមកតារាស្រីរូបនេះ តែងតែជួយជាអំណោយដល់អ្នកក្សត់ខ្សោយមិនសូវជាដាច់ទេ ហើយមានអ្នកលំបាកជាច្រើន ដែលទទួលបានអំណោយពីនាងដែរ។ ដូចគ្នានេះ ក្រោយពីឃើញពីអំពើល្អចេះចែករំលែក របស់តារាស្រី ខាងលើពិតធ្វើឱ្យមហាជនស្ងើចមិនស្ទើរទេ៕