ឃ្លាតកូនទៅព្យាបាលកូវីដ-១៩ ទាំងទឹកភ្នែកហើយ ពេលនេះ Pat ត្រូវមហាជនរិះគន់ចាស់ដៃទៀត
កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្ដែងស្រីជួរមុខថៃ នាង Pat Napapa បានតេស្តរកឃើញមានឆ្លងជំងឺកូវីដ-១៩ ។ បន្ទាប់ពីតេស្តឃើញខ្លួនវិជ្ជមាន ភ្លាមៗនោះនាងក៏ទៅទទួលការព្យាបាលយ៉ាងរហ័សនៅមន្ទីរពេទ្យឯកជនមួយកន្លែង ។
ជាមួយនឹងការឆ្លងជំងឺកូវីដ-១៩ នេះពិតធ្វើឱ្យមហាជនមានក្ដីរំជួលចិត្តណាស់ ព្រោះ Pat Napapa ត្រូវឃ្លាតឆ្ងាយពីកូនប្រុសសំណព្វចិត្តរបស់ខ្លួន ទាំងដែលពួកគេមិនដែលឃ្លាតគ្នាសូម្បីមួយជំហាន ។
យ៉ាងណាមិញ ក្រោយពីដឹងលទ្ធផល និង បានទៅសម្រាកព្យាបាលមិនទាន់បាន ១ ថ្ងៃផង ស្រាប់តែតារាស្រីរូបនេះ ផ្ទុះការរិះគន់យ៉ាងចាស់ដៃពីមហាជន អំពីរឿងដែលនាងបង្ហោះសារប្រាប់ពីសកម្មភាពរបស់ខ្លួន មុនឆ្លងជំងឺកូវីដ-១៩ ថានាងពុំដែលបានចេញទៅណាឡើយក្រៅពីកន្លែងធ្វើការ និង មកផ្ទះ ។
ស្របពេលឃើញតារាស្រី Pat Napapa ចេញមកបង្ហោះបែបនោះ គេក៏ឃើញមហាជនមួយចំនួនបានយករូបភាពដែលនាងថតសម្ញែងរាងក្បែរអាងហែលទឹកក្នុងសណ្ឋាគារមួយនៅ ផាត់តាយ៉ា ព្រមទាំងរូបភាពមួយចំនួនទៀតដែលនាងទៅចូលរួមកម្មវិធីខួបកំណើត យកមកបង្ហាញ និង ខមមិនសួរទៅកាន់តារាស្រី Pat Napapa ថា ពិតទេនាងពិតជាទៅតែកន្លែងធ្វើការ និង នៅផ្ទះ ?
បន្ទាប់ពីផ្ទុះការរិះគន់យ៉ាងច្រើនបែបនេះហើយ គេក៏ពុំទាន់ឃើញ តារាស្រី Pat napapa ចេញមកតបត ឬ បកស្រាយអ្វីឡើយ ៕