លែងសំងំទៀត Taew ចេញមុខ លេងរដ្ឋាភិបាលខ្លួនមួយរយៗ អ្នកគាំទ្រលើកមេដៃឱ្យព្រាត
ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺកូវីដ-១៩ ក្នុងប្រទេសថៃចេះតែហក់ឡើងទៅគ្មានស្រាកស្រាន្តឡើយ ។ ជាពិសេស មួយរយៈចុងក្រោយនេះ អ្នកជំងឺថៃត្រូវដេកត្រដាបត្រដួស គ្មានកន្លែងព្យាបាលបានសមរម្យនោះទេ នេះក៏ព្រោះតែមន្ទីរពេទ្យខ្វះនូវគ្រែថែអ្នកជំងឺ ដោយហេតុថាឆ្លងច្រើនពេក ។
ទន្ទឹមនឹងឈានដល់ដំណាក់កាលនេះ ប្រជាជនថៃហាក់បានដាក់បន្ទុកទៅកាន់រាជរដ្ឋាភិបាលដែលគ្រប់គ្រងស្ថានការណ៍ពុំទាន់ពេលវេលា ។ ដូចគ្នានោះ ពួកគេក៏បានចេញមុខតតាំងជាមួយរដ្ឋាភិបាល ដោយស្រែកទាមទារឱ្យចុះចេញពីតំណែង បើមិនអ៊ីចឹងទេប្រទេសថៃនឹងមិនអាចប្រសើរបានឡើយ ។
ជាមួយគ្នានោះ បើនិយាយពីតារាអ្នកសិល្បៈថៃក៏ពុំនៅស្ងៀមឱបដៃឈរមើលនោះដែរ ដោយម្នាក់ៗ បន្ទាប់ពីបានឃើញស្ថានការណ៍ដ៏អាក្រក់នេះ ក៏បាននាំគ្នាចេញមកស្រែកស្នើទៅរដ្ឋាភិបាលឱ្យមានវិធានការជាបន្ទាន់ ជាពិសេសខណៈនេះគឺត្រូវរកវ៉ាក់សាំងល្អចាក់ជូនប្រជាជន ។
ដោយឡែក ព្រោះតែអស់ភាពអត់ធ្មត់ ក្នុងនោះតារាស្រី Taew Nataponh ដែលមហាជនដាក់រហស្សនាមឱ្យថា រាជិនីចត្តាឡីស័កនោះ ក៏បានចេញមកស្នើរដ្ឋាភិបាលឱ្យរកវ៉ាក់សាំងមានគុណភាពចាក់ជូនប្រជាជនឱ្យបានឆាប់ៗ ដោយមិនត្រូវយកលុយឡើយ ។
ដូចគ្នានោះតារាស្រីខាងលើក៏បានភ្ជាប់ Caption ថា «ជាសិទ្ធិរបស់ពួកយើង ពួកយើងរង់ចាំបន្តទៀតលែងបានហើយ ទោះបីត្រឹមមួយនាទីក៏ដោយ ព្រោះវាបានបំផ្លាញជីវិតយើង» ។ បន្ទាប់ពីឃើញសារដ៏មានអត្ថន័យនេះ ពិតធ្វើឱ្យអ្នកគាំទ្រអួតសរសើរទឹកចិត្ត Taew ណាស់ ដែលមានឆន្ទៈជួយសង្គមជាតិ ៕