ណាខុន និង ភរិយាកាន់ដៃគ្នាជាង ២ ឆ្នាំ តែមិនទាន់មានដំណឹងយកទាយាទស្នងត្រកូលសោះ
បើទោះជាទើបតែបើកបង្ហាញថាខ្លួនមានភរិយារួចនៅរយៈពេលចុងក្រោយនេះក៏ពិតមែន ប៉ុន្តែតារាសម្តែង ណាខុន និង ភរិយា បានរៀបការនឹងគ្នាបានរយៈពេលជាង ២ ឆ្នាំ មកហើយ ។ បើទោះជាមិនបានរៀបចំកម្មវិធីធំដុំ អធឹកអធមដូចមិត្តសិល្បៈដទៃ ប៉ុន្តែ ណាខុន និង ភរិយា ដែលជាអ្នកមេម៉ាយកូន ១ រូបនោះ បានរៀបចំកម្មវិធីតាមប្រពៃណីខ្មែរយ៉ាងសាមញ្ញ ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមគ្រួសារ និង មិត្តស្និទ្ធស្នាលទៀតផង ។
យ៉ាងណាមិញ ក្រោយពីសាងគ្រួសារនឹងអ្នកមេម៉ាយកូន ១ ស្រស់ស្អាតរូបនោះហើយ ណាខុន ក៏ត្រូវបានមហាជនលើកសរសើរថា លោកពិតជាស្រឡាញ់ និង ឱ្យតម្លៃភរិយាយ៉ាងខ្លាំង ។ លើសពីនោះ ណាខុន ក៏បានស្រឡាញ់មើលថែកូនប្រុសរបស់ភរិយា ដូចជាកូនបង្កើតរបស់លោកយ៉ាងដូច្នោះ ។
បើនិយាយពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់ ណាខុន បន្ថែមទៀតនោះ មហាជនអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើន ក៏ហាក់ទន្ទឹងចង់ដឹង និង ចាំអ៊ុតមើលផងដែរថា តើពេលណា ណាខុន និង ភរិយា សម្រេចយកទាយាទដែលជាតំណក់ឈាមបង្កើតរបស់ខ្លួន? ដោយក្នុងនោះ កន្លងមកមានអ្នកខមមិនសួរនាំតារាប្រុសរូបនេះយ៉ាងច្រើនថា «ពេលណាយក Baby?» «ល្មមយកកូនបីនឹងគេហើយ?» ជាដើម ។
យ៉ាងណាក៏ដោយ បើទោះជាមិនទាន់បង្ហើបថានឹងយកកូននៅពេលណា ប៉ុន្តែជីវិតក្នុងគ្រួសាររបស់លោកនៅពេលនេះ ទទួលបានភាពកក់ក្តៅណាស់ទៅហើយ ។ លើសពីនោះ បច្ចុប្បន្ន ណាខុន និង ភរិយា ក៏ហាក់មមាញឹកនឹងការងារ ក៏ដូចជាមុខជំនួញផងនោះ ក៏អាចជាមូលហេតុធ្វើឱ្យលោកមិនទាន់គិតគូរក៏ថាបាន ៕