នារីជឿនលឿន! Rainie Yang វ័យក្បែរ ៤០ ឆ្នាំហើយ នៅតែធ្វើឱ្យអ្នកគាំទ្របាក់ចិត្តបាន
តារាចម្រៀងតៃវ៉ាន់ Rainie Yang ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈកម្សាន្ត តារាស្រីរូបនេះតែងតែធ្វើឱ្យអ្នកគាំទ្រស្រឡាញ់ពេញចិត្តកាន់តែខ្លាំងឡើង ជាមួយនឹងស្ទីលតុបតែងខ្លួន ពិសេសការលេងម៉ូដសក់ និង ពណ៌សក់ ជាស្ទីលផ្ទាល់ខ្លួនរបស់នាង ។
ជាក់ស្ដែង ដូចជាកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានកាត់សក់ខ្លីលេងម៉ូដសក់ថ្មី លាបពណ៌សក់ក្រហម លើកសម្រស់មុខមាត់យ៉ាងខ្លាំង ក្មេងស្អាតដូចសិស្សវិទ្យាល័យ បើមិនប្រាប់ពីអាយុពិតទេ ស្ទើរតែមិនគួរឱ្យជឿថា Rainie មានអាយុ ៣៧ ឆ្នាំទៅហើយ សមជានារីជឿនលឿនមែន ។
លើសពីនេះ ក្នុងសារមួយរបស់តារាស្រីរូបនេះបានបង្ហោះនៅលើបណ្ដាញសង្គម Instagram របស់នាង ក៏បានរៀបរាប់ចែករំលែកទៅកាន់អ្នកគាំទ្រផងដែរ ថា «ដំបូងខ្ញុំចង់កាត់សក់ខ្លី ឱ្យមើលទៅមុខមាត់កាន់តែប្លែក ។ ថ្វីដ្បិតថ្ងាសខ្ញុំក្តៅបន្តិច ប៉ុន្តែករបស់ខ្ញុំមានអារម្មណ៍ថាត្រជាក់នៅពេលនេះ ។ អ្នកគាំទ្ររបស់ខ្ញុំ អ្នកត្រូវតែចូលចិត្ត ទោះបីអ្នកមិនចូលចិត្តក៏ដោយ ។ យល់ព្រមទេ?» ។
ជាមួយគ្នានោះ ក៏បានឃើញមតិគាំទ្ររបស់អ្នកគាំទ្រក្នុងបណ្ដាញសង្គមរបស់នាងភាគច្រើន បានចូលមកសរសើរថា «Rainie កាត់សក់ម៉ូដនេះ ដូចជាក្មេងស្រីវិទ្យាល័យអ៊ីចឹង» ៕