ស្ងាត់ៗ Solar សមាជិក MAMAMOO ជះលុយជាង ៣ លានដុល្លារ ទិញអគារកម្ពស់ ៤ ជាន់មួយយ៉ាងរំភើយ
មិនឱ្យស្ងាត់កាបូបឡើយ ថ្មីនេះៗ ស្រីស្រស់ Solar សមាជិកក្រុមចម្រៀងនារី MAMAMOO បានរូតកាបូបដកលុយវឹបៗប្រមាណ ៣.៩ លានដុល្លារ ស្រវាទិញយកអគារកម្ពស់ ៤ ជាន់មួយជុង នៅតំបន់ Seodaemun ក្រុងសេអ៊ូល មកធ្វើជាកម្មសិទ្ធិយ៉ាងរំភើយ ។
បើយោងតាមសារព័ត៌មានកូរ៉េមួយ បានឱ្យដឹងនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២១ នេះថា នារីរូបល្អ Solar ទើបបានចុះកុងត្រាទិញអគារមួយកន្លែងនៅជិតស្ថានីយ ShinChon នាតំបន់ Seodaemun ក្រុងសេអ៊ូល ក្នុងតម្លៃប្រមាណ ៣.៩ លានដុល្លារឯណោះ កាលពីខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ។
អគារមួយខ្នងនេះ ត្រូវបានគេដឹងថា ជាអគារកម្ពស់ ៤ ជាន់ និង មានបន្ទប់ក្រោមដី ព្រមទាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មទំនើបថែមទៀតផង ។
យ៉ាងណាមិញ អ្នកគាំទ្រពិតជាអត់ទ្រាំមិនភ្ញាក់ផ្អើលមិនបានឡើយ នូវការងាកមកចាប់អារម្មណ៍ទិញអចលនទ្រព្យក្នុងតម្លៃថ្លៃដូចនេះរបស់នាង Solar ព្រោះរាល់ដងគេមិនសូវឃើញតារាស្រីរូបនេះ ទិញអគារ ឬ ផ្ទះក្នុងតម្លៃលានដុល្លារជាញឹកញាប់ដូចតារាដទៃឡើយ ៕
ប្រភព៖ ALL KPOP