ទឹកចិត្តភរិយា! ស្វាមីកើតកូវីដ តែស្ម័គ្រចិត្តចូលកំដរមើលថែដោយដៃផ្ទាល់ ទាំងខ្លួនមិនមែនជាអ្នកជំងឺ
ស្ថានការណ៍ជំងឺកូវីដ-១៩ នៅកម្ពុជា មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញមានតួលេខឆ្លងថមថយម្ដងបន្តិចហើយ តែមិនទាន់អាចកាត់ផ្ដាច់ការរាលដាលទាំងស្រុងបានឡើយ ។ ជាក់ស្ដែងនៅមានអ្នកជំងឺមួយចំនួន បានរកឃើញឆ្លងជាបន្តបន្ទាប់ ត្រូវបញ្ជូនទៅសម្រាកព្យាបាលឃ្លាតចាកគ្រួសាររគួរឱ្យអាល័យ ខណៈអ្នកជំងឺខ្លះទៀត ដោយហេតុថាមានអាការប្រចាំកាយធ្ងន់ធ្ងរ ទើបតម្រូវឱ្យសមាជិកគ្រួសារជាទីស្រឡាញ់ សម្រេចចិត្តទៅតាមថែរក្សា ទាំងដែលខ្លួនពុំមានផ្ទុកជំងឺកូវីដនោះឡើយ ។
នេះដូចទៅនឹងករណីស្ត្រីម្នាក់ ដែលត្រូវបានបង្ហោះដោយគណនីមួយឈ្មោះ Ly Sameth បានឱ្យដឹងថា លោកយាយម្នាក់បានស្ម័គ្រចិត្តមកកំដរលោកតា ដែលជាប្ដីរបស់ខ្លួន កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យហ្លួងម៉ែ ។ ចំពោះការស្ម័គ្រចិត្តមកបម្រើមើលថែនេះទៀតសោត គឺលោកយាយមកកំដរទាំងដែលខ្លួនមិនមែនជាអ្នកជំងឺកូវីដឡើយ ដោយសុំគ្រូពេទ្យ មកមើលថែស្វាមីដោយផ្ទាល់ មិនឱ្យកូនចៅមើលថែជំនួសនោះឡើយ ។
ក្នុងនោះ តាមរយៈរូបភាពដែលបង្ហោះឡើងដោយប្រភពខាងលើ បានបង្ហាញពីសកម្មភាពលោកយាយ មើលថែលោកតាជាស្វាមីដែលសម្រាកស្ដូកស្ដឹងនៅលើគ្រែព្យាបាល យ៉ាងយកចិត្តទុកដាក់ ដោយមានបញ្ចុកនូវអាហារជូនស្វាមីរបស់ខ្លួន គ្រាន់នឹងមានកម្លាំងតទល់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ។
នេះបង្ហាញឱ្យឃើញពីភក្ដីភាពស្មោះស្ម័គ្រ នៃគូស្វាមីភរិយាលោកទាំងពីរ ដែលមិនបោះបង់គ្នាក្នុងស្ថានការណ៍ដ៏លំបាកមួយនេះ និង ពុះពារហែលឆ្លងការព្យាបាលនៅក្នុងមន្ទីរពេទ្យរួមគ្នា ដែលធ្វើឱ្យមហាជន និង កងទ័ពអាវសរ ស្ញើចសរសើរជាខ្លាំង ហើយបានជូនពរឱ្យលោកតាឆាប់បានជាសះស្បើយ និង លោកយាយមិនមានឆ្លងជំងឺនេះ ឆាប់បានត្រឡប់មកផ្ទះ វិលទ្រនំជួបជុំគ្រួសារដ៏កក់ក្ដៅរបស់ខ្លួនវិញ ៕